បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទបានរាយការណ៍ អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៨០៦ នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៧៧៣ ករណីផ្សេងទៀត ដូច្នេះចាប់តាំងពីការរាតត្បាត រាលដាលដល់ពេលនេះ ថៃមានអ្នកឆ្លងជំងឺនេះសរុបកើនដល់ ១៣២ ២១៣ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការ គ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថា ករណីថ្មីចំនួន ២ ៥០៧ នាក់ គឺរកឃើញទៅលើប្រជាជនទូទៅ និង ២០៦នាក់ រកឃើញនៅក្នុងពន្ធនាគារ។
យោងតាមមជ្ឈមណ្ឌលសម្រាប់ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 អ្នកស្លាប់ចំនួន ១១ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុងបាងកក, ៣ នាក់នៅខេត្តនគររាជសីមា និង ៣ នាក់ទៀតនៅរ៉ាត់ចាបូរី ៕
ប្រែសម្រួលៈ ណៃ តុលា