ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ផ្អាកបញ្ជូនពលករ ទៅអារ៉ាប៊ីសាអូឌីត

បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បានផ្អាកបញ្ជូនពលករទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយទទួលបានរបាយការណ៍ថា និយោជកនិងអ្នកជួលពួកគេ នឹងឲ្យពួកគេបង់ថ្លៃចំណាយ សម្រាប់ការតេស្តរកជម្ងឺកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការធានារ៉ាប់រង នៅពេលទៅដល់អារ៉ាប៊ីសាអូឌីត។

រដ្ឋមន្ត្រីក្រសួងការងារហ្វីលីពីន លោក Silvestre Bello បានមានប្រសាសន៍ក្នុងបទបញ្ជាថ្ងៃទី២៧ ខែឧសភាថា ក្រសួងនឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ស្តីពីការបន្តបញ្ជូនជាថ្មី នៅក្រោយបញ្ហានេះត្រូវបានបញ្ជាក់ឲ្យបានច្បាស់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់នៅឡើយទេថា ប្រជាជនហ្វីលីពីនប៉ុន្មាននាក់ ដែលនឹងរងផលប៉ះពាល់ដោយផ្ទាល់ ពីការផ្អាកនេះនោះទេ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាគោលដៅដ៏ពេញចិត្តបំផុតរបស់ ពលករធ្វើការងារនៅបរទេសរបស់ហ្វីលីពីន នៅក្នុងឆ្នាំ២០១៩ នេះបើយោងតាមទិន្នន័យ រដ្ឋាភិបាលបានបង្ហាញ ដោយមានមួយរូបក្នុងចំណោម ជនជាតិហ្វីលីពីន៥រូប ដែលធ្វើការងារនៅបរទេស នៅក្នុងអំឡុងឆ្នាំនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×