ព័ត៌មានអន្តរជាតិ

យន្តហោះយោធាចិន ត្រូវគេប្រទះឃើញហោះពីលើក្រុមកោះ នៅសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសចិន បានធ្វើការហោះហើរ យន្តហោះដឹកជញ្ជូនយោធាជាច្រើនគ្រឿង ពីលើក្រុមកោះនៅ ដែនសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយម៉ាឡេស៊ី ហើយនៅក្នុងការឆ្លើយតប ប្រទេសម៉ាឡេស៊ីបានបញ្ជូន យន្តហោះចម្បាំងមួយគ្រឿង ឲ្យទៅស៊ើបអង្កេតមើល។ 

សេចក្តីប្រកាសព័ត៌មានមួយ ចេញដោយកងកម្លាំងទ័ពជើងអាកាសម៉ាឡេស៊ី បាននិយាយថា យន្តហោះចំនួន១៦គ្រឿង មកពីកងកម្លាំងជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានហោះចូលមកជិតតំបន់ឆ្នេរម៉ាឡេស៊ី ក្នុងទម្រង់យុទ្ធសាស្ត្រ។

ការបង្ហាញខ្លួនដោយ មិនប្រកាសប្រាប់មុននេះ ត្រូវបានប្រព័ន្ធរ៉ាដាការពារដែនអាកាសចាប់សញ្ញាបាន នៅម៉ោង១១និង៥២នាទីព្រឹក ម៉ោងក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ហើយយន្តហោះទាំងនោះ មិនធ្វើការឆ្លើយតបចំពោះ ការព្យាយាមទាក់ទងពីក្រុមគ្រប់គ្រងដែនអាកាសម៉ាឡេស៊ីនោះទេ។ 

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយមិនមានការឆ្លើយតបពីយន្តហោះចិនទាំងនោះ កងទ័ពជើងអាកាសរបស់ប្រទេសម៉ាឡេស៊ី ក៏បានបញ្ជនយន្តហោះចម្បាំង ចេញពីមូលដ្ឋានទ័ពអាកាស Labuan ឲ្យហោះតាមយន្តហោះទាំងនោះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top