ព័ត៌មានអន្តរជាតិ

លោក ពូទីន សង្ឃឹមថា លោក បៃដិន មិនចេះអត់ធ្មត់ ជាងលោក ត្រាំ នោះទេ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញពីក្តីសង្ឃឹមថា លោក ចូ បៃដិន ប្រធានាធិបតិសហរដ្ឋអាមេរិក នឹងមិនមានភាពអត់ធ្មត់ជាងលោក ត្រាំ ដែលការលើកឡើងនេះបានធ្វើឡើង នៅមុនពេលជំនួបដំបូងរបស់ លោកជាមួយមេដឹកនាំអាមេរិកថ្មី ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក ពូទីន បានពិពណ៌នាទៅលើរូបលោក បៃដិន ថា ជា “បុរសអាជីព” ដែលបានចំណាយពេលមួយជីវិត របស់គាត់នៅក្នុងឆាកនយោបាយ បន្ទាប់ពីលោក ត្រាំ ដែលមានការ “ផ្លាស់ប្តូរច្រើនមុខរបរ” ។

យោងតាមការបកប្រែដោយ NBC News លោកបានមានថ្លែងថា “វាជាក្តីសង្ឃឹមដ៏ធំធេងរបស់ខ្ញុំ ដោយមានទាំងគុណសម្បត្តិ និងគុណវិបត្តិខ្លះ ប៉ុន្តែវានឹងមិនមានចលនាផ្អែកលើ កម្លាំងជំនួសក្នុងនាម ប្រធានាធិបតីអាមេរិក ដែលកំពុងអង្គុយនោះទេ” ។

លោក បៃដិន គ្រោងនឹងលើកឡើងនូវបណ្តឹង ជាច្រើនរបស់សហរដ្ឋអាមេរិក ដែលរួមមានការជ្រៀតជ្រែក និងការលួចចូលក្នុងការបោះឆ្នោត នៅក្នុងជំនួបកំពូលជាមួយលោកពូទីន នៅថ្ងៃពុធនៅទីក្រុងហ្សឺណែវ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចបរទេស លើកដំបូងរបស់ប្រធានាធិបតីថ្មី ។

លោក ពូទីន បានសារភាពជាចំហថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកបានគាំទ្រដល់លោក ត្រាំ ដែលបានសម្តែងការកោតសរសើរ ចំពោះមេដឹកនាំរុស្ស៊ី និងមិនធម្មតានៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេហាក់ដូចជា ទទួលយកការបដិសេធរបស់លោក ពីការជ្រៀតជ្រែកក្នុងការបោះឆ្នោត ។

លោក បៃដិន បានថ្លែងថា លោកមិនស្ថិតនៅក្រោមការ បំភាន់ភ្នែករបស់លោក ពូទីន ទេ ហើយបានពណ៌នាថា គាត់ជាឃាតករដោយសារ ការស្លាប់របស់មនុស្សល្បីៗ រួមមានទាំងអ្នករិះគន់វិមានក្រឹមឡៃ គឺលោក Boris Nemtsov ផងដែរ ។ នៅពេលត្រូវបានគេសួរ ថាតើ គាត់ ជាឃាតក រឬយ៉ាងណានោះ លោក ពូទីន បានលើកឡើងថា ពាក្យនេះគឺជាផ្នែកមួយនៃ “អាកប្បកិរិយារបស់ Macho” ជាទូទៅនៅក្នុងរឿងហូលីវូដ តែប៉ុណ្ណោះ ។

លោក ពូទីន បានលើកឡើងថា សុន្ទរកថា បែបនេះគឺជាផ្នែកមួយនៃវប្បធម៌ នយោបាយរបស់សហរដ្ឋអាមេរិក ដែលវាត្រូវបានគេចាត់ទុកថា ជារឿងធម្មតា ។ តាមពិតទៅ មិនមែននៅទីនេះទេ វាមិនត្រូវបានគេចាត់ទុកថា ជារឿងធម្មតាទេនៅទីនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top