ព័ត៌មានអន្តរជាតិ

លោក បៃដិន សម្តែងការស្វាគមន៍ ចំពោះរដ្ឋាភិបាលអ៊ីស្រាអែលថ្មី និងបញ្ជាក់ជាថ្មីពីការ គាំទ្រផ្នែកសន្តិសុខ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចំពោះសន្តិសុខអ៊ីស្រាអែល ហើយនឹងធ្វើការងារជាមួយ រដ្ឋាភិបាលថ្មីនៃប្រទេសនេះ ក្រោយរដ្ឋសភាអ៊ីស្រាអែល បានបញ្ចប់ការកាន់តំណែង នាយករដ្ឋមន្ត្រី ១២ឆ្នាំរបស់លោក Benjamin Netanyahu នៅថ្ងៃអាទិត្យម្សិលមិញនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងដោយមិន បញ្ជាក់ឈ្មោះរបស់លោក Netanyahuនោះ លោក បៃដិន បានសម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក Naftali Bennett និងបានស្វះស្វែងធ្វើការបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពអាមេរិកនិងអ៊ីស្រាអែល។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សេតវិមានបាននិយាយថា លោក បៃដិន បាននិយាយជាមួយលោក Bennett កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់នូវការអបអរសាទរ ដ៏កក់ក្តៅរបស់លោក។

សេតវិមានបាននិយាយថា លោក បៃដិន បានបង្ហាញនូវបំណងដ៏មុតមាំរបស់លោក ដើម្បីធ្វើសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើបញ្ហាលំបាកជាច្រើន និងឱកាសដែលប្រឈមមមុខនៅក្នុងតំបន់ ហើយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ពួកលោកនិងក្រុមរបស់លោក នឹងប្រឹក្សាគ្នាយ៉ាងជិតស្និទ្ធ លើបញ្ហាទាំងអស់ ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ ដែលរួមមានទាំងបញ្ហាអ៊ីរ៉ង់ផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top