ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ថ្កោលទោសអាមេរិក ចំពោះការរំលោភសន្ដិសុខស្បៀងអាហារ នៅអង្គការ FAO

ការ៉ាកាស៖ រដ្ឋមន្រ្តីស្បៀងអាហារវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារបានថ្កោលទោសសហរដ្ឋអាមេរិក នៅឯអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ពីបទរំលោភសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Carlos Leal Telleria បានប្រាប់សម័យប្រជុំលើកទី ៤២ នៃសន្និសិទរបស់អង្គការ FAO តាមរយៈទូរគមនាគមន៍ថា“ មានយុទ្ធនាការមួយ ដែលត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរំលោភលើសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាលើសន្ដិសុខស្បៀងអាហារ”។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក “បានធ្វើឱ្យការនាំចូលស្បៀងអាហារធ្លាក់ចុះ ៨៣,៧ ភាគរយ ដោយរារាំងការផ្គត់ផ្គង់អន្តរជាតិវត្ថុធាតុដើម ផលិតផលសម្រេច និងធាតុចូលសម្រាប់ផលិតកម្មកសិកម្ម” ។

នៅក្នុងនោះដែរ ការដាក់ទណ្ឌកម្ម ក៏ផ្តោតសំខាន់ទៅលើ“ អ្នកផ្គត់ផ្គង់ស្បៀងអាហារជាតិ និងអន្តរជាតិភាគច្រើនរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ” ។

នៅឆ្នាំ ២០១៥ ប្រទេសវេណេស៊ុយអេឡា ទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនប្រជាជនដែលខ្វះអាហារូបត្ថម្ភរបស់ខ្លួន ចំនួន ១៦ ភាគរយមកត្រឹមតែ ៥ ភាគរយនៃចំនួនប្រជាជនដែលខ្វះអាហារូបត្ថម្ភ។

សមិទ្ធិផលនោះត្រូវបានទទួលស្គាល់ដោយអង្គការ FAO ដែលបានសាទរចំពោះប្រទេសវេណេស៊ុយអេឡាថា ជាប្រទេសមួយដែលមានសន្តិសុខស្បៀងខ្ពស់ការលើកកម្ពស់សិទ្ធិទទួលបានអាហារ និងគំរូ ដែលទទួលបានជោគជ័យ៕

ដោយ ឈូក បូរ៉ា

To Top