បរទេស៖ អ្នកជំនួញជាន់ខ្ពស់ផ្នែក រោគរាតត្បាតរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេតរកប្រភពនៃជម្ងឺកូវីដ១៩ ក្រោយពីការសិក្សាមួយបានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាតនៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។
ការសិក្សាដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិកសម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2 ដែលជាមេរោគបង្កឲ្យមានជម្ងឺកូវីដ១៩ ក្នុងពេលប៉ុន្មានសប្ដាហ៍មុនពេល សហរដ្ឋអាមេរិករាយការណ៍ករណីជម្ងឺកូវីដ១៩ ដំបូងជាផ្លូវការរបស់ខ្លួន។
ចំណែកការសិក្សារួមគ្នារវាងចិន និងអង្គការសុខភាពពិភពលោក ដែលចេញបោះពុម្ពផ្សាយនៅក្នុងខែមីនា បាននិយាយថា ជម្ងឺកូវីដ១៩ ទំនងជាមានដើមកំណើត ក្នុងសត្វព្រៃរបស់ប្រទេស ដោយមេរោគត្រូវបានឆ្លង មកមនុស្សពីសត្វប្រចៀវ តាមរយៈជំពូកសត្វអន្តរការី។
ប៉ុន្តែទីក្រុងប៉េកាំង បានលើកកម្ពស់នូវទ្រឹស្តីដែលថា ជម្ងឺកូវីដ១៩ បានចូលក្នុងប្រទេសចិនពីបរទេស តាមរយៈចំណីអាហារក្លាសេមានមេរោគ ស្របពេលដែលអ្នកនយោបាយបរទេសជាច្រើន ក៏កំពុងស្នើឲ្យធ្វើការស៊ើបអង្កេតបន្ថែមទៀត ចំពោះភាពអាចទៅរួចដែលវាលិចធ្លាយ ចេញពីមន្ទីរពិសោធន៍។
លោក Zeng Guang ជាប្រធានអ្នកជំនាញជម្ងឺរាតត្បាត នៅមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺចិន បាននិយាយប្រាប់កាសែត Global Times ថា ការយកចិត្តទុកដាក់គួរតែ ប្តូរទៅសហរដ្ឋអាមេរិក ដែលយឺតយ៉ាវក្នុងការតេស្តប្រជាជន ក្នុងដំណាក់កាលដំបូងនៃការរាតត្បាតឆ្លង ហើយក៏ជាទីលំនៅនៃមន្ទីរពិសោធន៍ ជីវសាស្ត្រជាច្រើនផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង