ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន កំពុងពិភាក្សាគ្នា ពីភាពអាចទៅរួច នៃជំនួបរវាង រដ្ឋមន្ត្រីការបរទេស

បរទេស៖ ទីភ្នាក់ងារសារព័តមាន Financial Times បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសអាមេរិក អាចនឹងប្រារព្ធ ធ្វើកិច្ចពិភាក្សាគ្នាមួយ នៅក្នុងអំឡុងកិច្ចប្រជុំ G20 នាសប្ដាហ៍ក្រោយ នៅក្នុងប្រទេសអ៊ីតាលី ហើយនេះជាសញ្ញាមួយថា រដ្ឋាភិបាលនៃមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ  អាចធ្វើការចាត់វិធានការ ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ 

ដោយផ្អែកលើបុគ្គលចំនួន៣រូប ដែលដឹងពីបញ្ហានោះ កាសែតនេះបានរាយការណ៍ នៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នាស្តីពីភាពអាចទៅរួចនៃជំនួប រវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងតែប្រព្រឹត្តទៅ។ 

ក្រៅពីនោះ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក ក៏កំពុងតែស្វះស្វែងរក ភាពអាចទៅរួចនៃកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ រវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជីនពីងផងដែរ។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក  Zhao Lijian បាននិយាយក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះថា លោកមិនមានព័ត៌មានណាមួយ ស្តីពីបញ្ហាត្រូវផ្តល់ឲ្យនោះទេ ចំណែកស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងប៉េកាំង នៅពេលភ្លាមៗនេះ ក៏មិនទាន់ឆ្លើយតបនឹង សំណើសុំការអត្ថាធិប្បាយទេ។ 

គួរបញ្ជាក់ថា ក្នុងខែមីនា កិច្ចពិភាក្សាលំដាប់ខ្ពស់ ដំបូងរវាងសហរដ្ឋអាមេរិកនិងចិន ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងមកនោះ បានក្លាយជាការឈ្លោះប្រកែត និងរើសអើងគ្នា បង្ហាញឲ្យឃើញថា ប្រទេសទាំងពីរ នឹងមិនឆ្លងផុតការជាប់គាំងក្នុងចំណងមិត្តភាពឆាប់ៗនោះទេ៕ 

ប្រែសម្រួល៖ប៉ាង កុង

To Top