ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក ធ្វើដំណើរ ទៅប្រទេសហៃទី ក្រោយមានការ ធ្វើឃាតប្រធានាធិបតី

បរទេស៖មន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI និងមន្រ្តីក្រសួងសន្តិសុខផ្ទៃប្រទេស តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសហៃទី ក្រោយមានករណីធ្វើឃាត ប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមសប្ដាហ៍នេះ។

លេខាធិការផ្នែកព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនៅតែចូលរួម និងកំពុងតែប្រឹក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយដៃគូហៃទីនិងអន្តរជាតិរបស់យើង ដើម្បីគាំទ្រដល់ប្រជាជនហៃទី ក្រោយមានការធ្វើឃាតលោកប្រធានាធិបតី”។
លោកបន្តទៀតថា “យើងនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារស៊ើបអង្កេត FBI និងមន្ត្រីក្រសួងសន្តិសុខផ្ទៃប្រទេស ទៅកាន់ទីក្រុង Port-au-Prince ឲ្យបានលឿនបំផុតតាមដែលអាចទៅរួច ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព និងវិធីដែលយើងអាចជួយបាន”។

តាមសេចក្តីរាយការណ៍លេខាធិការព័ត៌មាន សេតវិមានរូបនេះ ក៏បាននិយាយផងដែរថា ការពង្រឹងសមត្ថភាពអនុវត្តច្បាប់ នៃប្រទេសហៃទី គឺជាអាទិភាពដ៏សំខាន់ នៅមុនពេលមានការធ្វើឃាត់លោកប្រធានាធិបតី Jovenel Moise វ័យ៥៣ឆ្នាំនោះ៕ ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top