ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅអាល្លឺម៉ង់ បណ្តាលឲ្យស្លាប់ ពលរដ្ឋតិចបំផុត ៥៨នាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក បណ្តាលឲ្យស្លាប់ពលរដ្ឋតិចបំផុត ៥៨នាក់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹងដូច្នេះ ។

លោក Roger Lewentz រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចំារដ្ឋ Rheinland-Palatinate បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចំនួន ៩នាក់ទៀត បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ ដែលនាំឲ្យចំនួនអ្នក ស្លាប់នៅក្នុងរដ្ឋនេះកើនឡើងដល់ ២៨នាក់ ។

លោក Lewentz បានលើកឡើងថា ជាមួយគ្នានេះដែរ ពលរដ្ឋប្រមាណ ៤០ដល់៦០នាក់កំពុងតែបាត់ខ្លួន ដែលអាចមានអ្នករងគ្រោះជាច្រើននាក់ទៀត ។

ស្រុក Ahrweiler ជាតំបន់ដែលរងផលប៉ះពាល់ ខ្លំាងជាងគេនៅក្នុងរដ្ឋនេះ ។ នៅក្នុងស្រុក Schuld មានផ្ទះចំនួន៦ខ្នងដួលរលំ និងប្រមាណ៤០ភាគរយ ជាអគារស្នាក់នៅត្រូវបានបំផ្លាញ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹង ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំរដ្ឋ North Rhine-Westphalia បានប្រកាសថា យ៉ាងហោចណាស់ពលរដ្ឋ ៣០នាក់បាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយធម្មជាតិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top