បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ កំពុងត្រៀមរៀបចំធ្វើការដាក់ ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូប ជុំវិញការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើចលនាលទ្ធិប្រជាធិបតេយ្យនៅហុងកុង ក៏ដូចជាធ្វើការព្រមានដល់ក្រុមហ៊ុនជំនួញអន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការនៅទីនោះ ស្តីពីស្ថានភាពកំពុង ធ្លាក់ចុះដុនដាប។
ប្រភពដែលដឹងពីព័ត៌មាននេះ បាននិយាយប្រាប់ថា ទណ្ឌកម្មហិរញ្ញវត្ថុ នឹងផ្តោតគោលដៅដល់មន្ត្រីចំនួន៧រូប មកពីការិយាល័យទទួលបន្ទុកកិច្ចការហុងកុងរបស់ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីណែនាំពាណិជ្ជកម្មផ្សេងគ្នាមួយ ដែលចេញដោយក្រសួងការបរទេសអាមេរិក នឹងបង្ហាញពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលអាមេរិក ចំពោះផលប៉ះពាល់លើក្រុមហ៊ុនអន្តរជាតិ ពីច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុង។ ក្រុមអ្នករិះគន់និយាយថា ទីក្រុងប៉េកាំងបានអនុវត្តច្បាប់នោះ កាលពីឆ្នាំមិញ ដើម្បីសម្រួលដល់ការបង្ក្រាបសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ។
នៅពេលត្រូវគេចោទសួរសំនួរស្តីពីរឿងនេះ នៅក្នុងសន្និសីទកាសែតមួយជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ប្រាប់ថា “សូមឲ្យខ្ញុំនិយាយអំពីសេចក្តីណែនាំពាណិជ្ជកម្ម”។ “ស្ថានភាពនៅហុងកុងកំពងតែធ្លាក់ចុះដុនដាបខ្លាំង ហើយរដ្ឋាភិបាលចិន មិនកំពុងរក្សាការប្តេជ្ញារបស់ខ្លួន ដែលបានបង្កើតឡើងលើវិធីនឹង ត្រូវដោះស្រាយជាមួយហុងកុង ដូច្នេះហើយវាជាសេចក្តីណែនាំបន្ថែមទៀត ចំពោះអ្វីដែលអាចនឹងកើតមានឡើង នៅក្នុងទីក្រុង ហុងកុង។ វាសាមញ្ញនិងស្មុគស្មាញ”៕ប្រែសម្រួល៖ប៉ាង កុង