ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន ៥៣នាក់ ត្រូវបានសម្លាប់ ក្នុងពេលវាយប្រហារ តាមដែនអាកាសនៅអាហ្វហ្គានីស្ថាន


កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន៥៣នាក់ត្រូវបានសម្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានការវាយប្រហារតាមដែនអាកាស និងក្នុងសមរភូមិកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។


ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅភាគខាងកើតខេត្ត Kapisa ក្រុមសកម្មប្រយុទ្ធចំនួន១៨នាក់ត្រូវបាន សម្លាប់ និងបង្កឲ្យរបួស២៤នាក់ បន្ទាប់ពីកងទ័ពពអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមដែនអាកាស ដែល គាំទ្រដោយកងកម្លាំងសន្តិសុខ និងកងកម្លាំងការពារជាតិអាហ្វហ្គានីស្ថាន នៅក្នុងតំបន់ជាយក្រុង Tagab និងស្រុកជិតនោះ គឺ Nijrab ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងចំណោមការស្លាប់ក្រុមសកម្មប្រយុទ្ធ គឺមាន៣នាក់ជាមេបញ្ជាការប្រចំាតំបន់ របស់ក្រុមតាលីបង់ ។


សេចក្តីថ្លែងការណ៍បានដាក់ថា ទន្ទឹមនឹងនេះដែរ ក្រុមសកម្មជនតាលីបង់ចំនួន២០នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតបបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាត ដោយកងកម្លាំងសន្តិសុខខាងលើ នៅក្រុង Lashkar Gah ស្ថិតនៅ ភាគខាងត្បូងខេត្ត Helmand ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top