ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងទទួលមេដឹកនំា អ៊ុយក្រែន នៅសេតវិមាន

បរទេស ៖ សេតវិមាន បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កិច្ចជំនួបគ្នារវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នឹងប្រារព្ធធ្វើឡើង នៅចុងខែក្រោយនេះ ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែង ការណ៍មួយ សេតវិមានបាននិយាយប្រាប់ថា មេដឹកនាំ នៃប្រទេសទាំងពីរ នឹងជួបគ្នានៅថ្ងៃទី៣០ ខែសីហា ។

សេចក្តីថ្លែងការណ៍សេតវិមាន បាននិយាយយ៉ាងដូច្នេះថា “ដំណើរទស្សនកិច្ចនេះ បញ្ជាក់ ពីការគាំទ្រ ឥតងាករេរបស់សហរដ្ឋអាមេរិក ចំពោះ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន ក្នុងចំពោះមុខ នៃការឈ្លានពាន ពីរុស្ស៊ី នៅតំបន់ Donbas និងតំបន់គ្រីមា និង ចំពោះសហប្រតិបត្តិការរបស់យើងលើសន្តិសុខថាមពល ព្រមទាំងការគាំទ្ររបស់យើង ចំពោះកិច្ចប្រឹងប្រែង របស់លោកប្រធានាធិបតី Zelensky ក្នុងការដោះស្រាយ អំពើពុករលួយ និង អនុវត្តរបៀបវារៈកំណែទម្រង់មួយ ផ្អែកលើគុណតម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នារបស់យើង” ។

គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំ ទាំងពីរនេះ គឺត្រូវរៀបចំធ្វើឡើង ក្រោយលោកប្រធានាធិបតី Zelensky បានបង្ហាញ នូវក្តីព្រួយបារម្ភ ស្តីពីកិច្ចព្រមព្រៀង ដែលគេរាយការណ៍មួយ រវាងលោក បៃដិន និងលោកស្រីអធិការបតី អាល្លឺម៉ង់ Angela Merkel ជុំវិញបំពង់បង្ហូរឧស្ម័ន ធម្មជាតិរុស្ស៊ី Nord Stream 2 ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top