ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក ធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្ម នៅមូលដ្ឋាន ប៉ាស៊ីហ្វិក



បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធ Citadel Pacific 2021 (CP21) នាថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពស្ថិតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីធ្វើការវាយតម្លៃពីការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីប្រឆាំងអំពើភេរវកម្ម។


នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃសមត្ថភាពទីបញ្ជាការនិងការគ្រប់គ្រង ដើម្បីធានាដល់ការត្រៀមលក្ខណៈជាស្រេចនៃកម្មវិធីប្រឆាំងអំពើភេរវកម្ម។


លោក David Foy ជាអនុប្រធានសម្រាប់មេបញ្ជាការនៃទីបញ្ជាការមូលដ្ឋានទ័ពជើងទឹក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា សមយុទ្ធ CP21នេះ ធ្វើត្រាប់តាមសេណារីយ៉ូការគម្រាមកំហែងជាក់ស្តែង ដូចជាអ្នកបាញ់សកម្ម អ្នកបើកទ្វាររបង និងគ្រាប់បែកកែច្នៃជាដើម។


លោក David Foy បានថ្លែងបន្តយ៉ាងដូច្នេះថា “បុគ្គលិករបស់យើងនឹងធ្វើការឆ្លើយតបចំពោះហេតុការណ៍ ហាក់ដូចជាពួកគេជួបការគម្រាមកំហែងពិត ហើយវិធីសាស្ត្រហាត់សមនេះធានាថា កងកម្លាំងសន្តិសុខទ័ពជើងទឹកសហរដ្ឋអាមេរិក រក្សាបានកម្រិតខ្ពស់នៃការត្រៀមខ្លួន ធ្វើការឆ្លើយតបនឹងបរិយាកាសសន្តិសុខធំៗ”៕


ប្រែសម្រួល៖ប៉ាង កុង

To Top