ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ បង្ខំឲ្យពលរដ្ឋហ្វីលីពីន ជាង១៥០០០នាក់ ចាកចេញពីលំនៅដ្ឋាន

បរទេស៖ អាជ្ញាធរទទួលបន្ទុក គ្រោះធម្មជាតិ របស់ហ្វីលីពីន នៅថ្ងៃសៅរ៍នេះបានអះអាងថា ពលរដ្ឋរបស់ខ្លួនប្រមាណជា ១៥០០០នាក់ ត្រូវបានបង្ខំចិត្តចាកចេញ ពីទីលំនៅដ្ឋានរបស់ខ្លួន នៅក្នុងទីក្រុងម៉ានីល និងតំបន់ជាច្រើនទៀត ដោយសារតែការគម្រាមកំហែង ដោយទឹកជំនន់។

ក្រុមប្រឹក្សាគ្រប់គ្រងហនិភ័យ ដោយគ្រោះធម្មជាតិ ហៅកាត់ថា NDRRMC ដោយអ្នកនាំពាក្យលោក Mark Timbal បានបញ្ជាក់ថាពលរដ្ឋ ជាង១៤០០០នាក់ នៅក្បែរនឹងទីក្រុងម៉ានីល បានទទួលសារ គម្រាមពីកម្រិតទឹកជំនន់ ដែលកំពុងកើនឡើង ខណៈដែលពលរដ្ឋប្រមាណជា ១៨០០នាក់ទៀត មកពីទីក្រុង ចំនួន៣ក្នុងខេត្ត Rizal ភាគខាងកើតទីក្រុងម៉ានីល ក៏ត្រូវបង្ខំចិត្តចាកចេញដូចគ្នា។

យោងតាមការបញ្ជាក់ផងដែរ ដោយក្រុមឆ្មាំរបស់ហ្វីលីពីន ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានជួយសង្គ្រោះ ពលរដ្ឋជាង៣០០នាក់ ដែលស្ថិតនៅក្នុងតំបន់រងគ្រោះ ដោយសារទឹកជំនន់ នៃខេត្ត Cavite ហើយទឹកជំនន់ក៏កំពុងវាយប្រហារ នៅតាមតំបន់ ជាច្រើនផ្សេងទៀតផងដែរ ដូចជាខេត្ត Pampanga ភាគខាងទីក្រុងម៉ានីល៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top