ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ បេសកកម្មប្រយុទ្ធអាមេរិក នៅអ៊ីរ៉ាក់ នឹងបញ្ចប់ចុងឆ្នាំនេះ

បរទេស៖ នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នាថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ប្រាប់ថា បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងចប់នៅចុងឆ្នាំនេះ។


នៅពេលត្រូវគេសួរថា តើលោករំពឹងថា កងទ័ពអាមេរិកចំនួន២.៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ នឹងនៅតែប្រចាំការនៅក្នុងប្រទេសនោះៗ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យ Oval Office ថា ការផ្តោតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ នឹងផ្លាស់ប្តូរទៅជាក្រុមផ្តល់ការណែនាំមួយ នៅមុនផុតឆ្នាំ២០២១។


លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា រឿងរ៉ាវនឹងប្រព្រឹត្តទៅយ៉ាងល្អ តួនាទីរបស់យើងនឹងនៅតែមានបន្តសម្រាប់ការបង្ហាត់បង្រៀន ជួយនិងដោះស្រាយជាមួយក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅពេលវាមកដល់ ប៉ុន្តែនៅចុងឆ្នាំនេះ យើងនឹងមិនស្ថិតក្នុងបេសកកម្មប្រយុទ្ធនោះទេ”។


គួរបញ្ជាក់ថា ការប្រកាសរបស់លោក បៃដិន នេះ គឺត្រូវបានធ្វើឡើងស្របពេលដែលលោក al-Kahdhimi ធ្វើទស្សនកិច្ចសេតវិមាន ដើម្បីពិភាក្សាគ្នាអំពីវត្តមានបន្តរបស់កងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ និងការផ្លាស់ប្តូរតួនាទីរបស់ពួកគេតាមដែលអាចទៅរួច៕


ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top