Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២០០លានករណីហើយ

ញូវយ៉ក៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ២០០ លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនករណីឆ្លងសកលលោក មានចំនួន ២០០,០១៤,៦០២ ដោយមានអ្នកស្លាប់ចំនួន ៤,២៥២,៨៧៣ នាក់នៅទូទាំងពិភពលោក នេះបើយោងតាមការបង្ហាញ ទិន្នន័យដោយប្រភពខាងលើ។

សហរដ្ឋអាមេរិក បានរាយការណ៍ពីករណីឆ្លងចំនួន ៣៥,២៩២,៧២១ករណី និងការស្លាប់ចំនួន ៦១៤,៦៦៦នាក់ ដែលជាចំនួនខ្ពស់បំផុត នៅជុំវិញពិភពលោក ដែលមានចំនួនជិត ១៨ ភាគរយនៃករណីឆ្លង ទូទាំងពិភពលោក និងជិត ១៥ ភាគរយនៃការស្លាប់ ទូទាំងពិភពលោក។

ប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងធំបំផុតទី ២ របស់ពិភពលោកចំនួន ៣១,៧៦៩,១៣២ករណី បន្ទាប់មកប្រេស៊ីលមាន ១៩,៩៨៥,៨១៧ ករណីក៏ដូចជាចំនួន អ្នកស្លាប់ច្រើនជាងគេទី ២ នៅលើពិភពលោកគឺ ៥៥៨,៤៣២ នាក់។

ប្រទេសដែលមានករណីជាង ៤ លានករណីរួមមានរុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី និងអ៊ីរ៉ង់ ខណៈប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ១០០,០០០ នាក់រួមមានឥណ្ឌា ម៉ិកស៊ិក ប៉េរូ រុស្ស៊ី អង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង, អាហ្សង់ទីន និងឥណ្ឌូនេស៊ី នេះបើយោងតាមការបូកសរុប របស់សាកលវិទ្យាល័យ ៕

ដោយ ឈូក បូរ៉ា

To Top