ព័ត៌មានអន្តរជាតិ

យន្តហោះ អ៊ីស្រាអែល វាយប្រហារ ទីតាំងបាញ់រ៉ុកកែត នៅលីបង់

បរទេស ៖ យន្តហោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានវាយប្រហារលើកន្លែង ដែលយោធាអ៊ីស្រាអែល និយាយថា ជាទីតាំងបាញ់រ៉ុកកែត នៅក្នុងប្រទេសលីបង់ ភាគខាងត្បូង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការឆ្លើយតប ការវាយប្រហារ នៅពេលមុននោះ ចេញពីទឹកដីលីបង់ ទៅលើអ៊ីស្រាអែល ។

គ្រាប់រ៉ុកកែតពីរគ្រាប់ ត្រូវបានគេបាញ់ចេញ ពីប្រទេសលីបង់ វាយប្រហារ លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ហើយអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយកាំភ្លើងធំវិញ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង ជុំវិញការវាយប្រហារអ៊ីរ៉ង់ ទៅលើនាវាដឹកប្រេង មួយគ្រឿង នៅតំបន់ឈូងសមុទ្រ កាលពីសប្ដាហ៍មុន ។

នៅក្នុងដំណើរឆ្លើយតបបន្ថែម ចំពោះការបាញ់ប្រហារ ដោយគ្រាប់រ៉ុកកែតនោះ យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើ ទីតាំងបាញ់រ៉ុកកែត និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់សម្រាប់អំពើភេរវកម្ម នៅក្នុងប្រទេសលីបង់ ជាទីដែលគ្រាប់រ៉ុកកែតបាញ់ចេញ ។

ទូរទស្សន៍ Al-Manar TV របស់ពួកសកម្មប្រយុទ្ធ បាននិយាយប្រាប់ថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ ចំនួនពីរ នៅតំបន់ជាយក្រុង Mahmudiya ប្រទេសលីបង់ មានចម្ងាយប្រហារ១២គីឡូម៉ែត្រ ពីព្រំដែនរបស់ ប្រទេសអ៊ីស្រាអែល ៕ ប្រែសម្រួល៖ប៉ាង កុង

To Top