ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដ Quad នឹងបើកមហា សមយុទ្ធកងទ័ពជើងទឹកជាថ្មីម្ដងទៀត ផ្ដោតសំខាន់លើចិន

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថាសមយុទ្ធរួមគ្នាមួយ ដែលមានកងកម្លាំងទ័ពជើងទឹកឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាសម្ព័ន្ធមិត្ដ Quad នឹងត្រូវធ្វើឡើងនៅឆ្នាំនេះម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមយុទ្ធដែលបានគ្រោងទុក ដែលត្រូវបានគេហៅថា ម៉ាឡាបា នឹងត្រូវបានធ្វើឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានគោលបំណងរក្សាប្រទេសចិន ឱ្យស្ថិតក្នុងការត្រួតពិនិត្យ ចំពេលដែលការអះអាងរបស់មហាអំណាចអាស៊ីមួយនេះ កាន់តែកើនឡើងនៅក្នុងដែនទឹកក្នុងតំបន់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា ការធ្វើសមយុទ្ធកាលពីឆ្នាំមុន ដោយប្រទេសប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ ចំនួនបួនដែលត្រូវបានគេស្គាល់ថា Quad ត្រូវបានធ្វើឡើងនៅឈូងសមុទ្របេងហ្គាល់ និងសមុទ្រអារ៉ាប់។

ដោយឡែកឥណ្ឌា នឹងធ្វើសមយុទ្ធទ្វេភាគីជាមួយវៀតណាម ហ្វីលីពីន សិង្ហបុរី និងឥណ្ឌូនេស៊ី នៅក្នុងដែនទឹកដូចជាសមុទ្រចិនខាងត្បូង ដែលចិន បានធ្វើការអះអាង និងមានឥទ្ធិពលយ៉ាងទូលំទូលាយនៅទីនោះ។ កងទ័ពជើងទឹកឥណ្ឌានឹងត្រូវបញ្ជូននៅខែនេះ សម្រាប់សមយុទ្ធ ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលប្រហែលពីរខែ។

រដ្ឋាភិបាលឥណ្ឌា បានដាក់ចេញផែនការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសជាមិត្ត ដើម្បីស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការរៀបចំត្រូវបានធ្វើឡើង សម្រាប់ប្រទេសប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងបួនដើម្បីរៀបចំកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញា៕ដោយ ឈូក បូរ៉ា

To Top