ស៊ីដនី ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ពលរដ្ឋអូស្រ្តាលីដែលរស់ នៅបរទេសអាចត្រូវជាប់គាំង “ជនជាតិអូស្រ្តាលី” ប្រសិនបើពួកគេត្រឡប់មកវិញ បន្ទាប់ពីរដ្ឋាភិបាល បានរឹតបន្តឹងច្បាប់ព្រំដែន របស់ខ្លួនដោយមិនបាន ជូនដំណឹងជាមុននោះទេ ។
ចាប់តាំងពីខែមីនា ឆ្នាំមុន ប្រទេសនេះ បានហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឱ្យចាកចេញពីប្រទេស ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ប្រឆំាងនឹងជំងឺកូវីដ នៅក្នុងប្រទេសរបស់ខ្លួន ។
ការរឹតត្បិតនេះ មិនត្រូវបានអនុវត្តពីមុន ចំពោះជនជាតិអូស្ត្រាលី ដែលជាធម្មតារស់នៅក្នុង ប្រទេសផ្សេងទៀត ។
ប៉ុន្តែឥឡូវនេះ ពួកគេនឹងត្រូវស្នើសុំការ លើកលែងចំពោះការធ្វើដំណើរ ទៅបរទេស ស្របតាមច្បាប់សម្រាប់ ជនជាតិអូស្ត្រាលីផ្សេងទៀត ។
ច្បាប់ព្រំដែនដ៏តឹងរឹងរបស់អូស្ត្រាលី មានភាពចម្រូងចម្រាសគ្នា ។
ក្រុមអ្នករិះគន់បានលើកឡើងថា ការផ្លាស់ប្តូរនេះដែរ មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១១ ខែសីហា នឹងដាក់ទណ្ឌកម្មបន្ថែម លើគ្រួសារ និងរារាំងប្រជាពលរដ្ឋ មិនឱ្យវិលត្រឡប់មកវិញ ។
រដ្ឋាភិបាលបានឲ្យដឹងថា វិធានការនេះមានគោលបំណង កាត់បន្ថយហានិភ័យ នៃការរីករាលដាល នៃជំងឺកូវីដចូលក្នុងប្រទេស ព្រោះវាប្រឈមនឹងការផ្ទុះឡើង ដ៏អាក្រក់បំផុតក្នុងរយៈមួយឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា