ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ប្រាប់បារាំង៖ កិច្ចពិភាក្សាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែ ត្រូវតែរក្សាសិទ្ធិអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោក Ebrahim Raisi នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា កិច្ចចរចាគ្នាជាមួយ មហាអំណាចពិភពលោកនានា ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ឡើងវិញ ត្រូវតែធានាដល់សិទ្ធិ របស់ទីក្រុងតេអេរ៉ង់។

យោងតាមគេហទំព័រ នៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល១ម៉ោង លោក Ebrahim Raisi បានមានប្រសាសន៍ប្រាប់ថា “ក្នុងកិច្ចចរចាណាមួយក៏ដោយ សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ត្រូវតែរក្សា ហើយផលប្រយោជន៍នៃប្រទេសរបស់យើង ត្រូវតែទទួលបានការធានា”។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបារាំង ធ្លាប់បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយអតីតប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និងនិយាយប្រាប់ថា សារធារណរដ្ឋឥស្លាម ត្រូវតែបញ្ចេញកាយវិការច្បាស់លាស់និងភ្លាមៗ សម្រាប់កិច្ចពិភាក្សាគ្នាលើការបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។

ចំណែកលោក រ៉ូហានិ ជាការឆ្លើយតបវិញ បានមានប្រសាសន៍ប្រាប់ដល់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា មធ្យោបាយតែមួយដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ គឺការដកទណ្ឌកម្មអាមេរិកទាំងអស់៕

ប្រែសម្រួល៖ប៉ាង កុង

To Top