វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។
លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។

លោកបានលើកឡើងថា “ខ្ញុំគិតថាវាច្បាស់ណាស់ថា អាហ្វហ្គានីស្ថាន នឹងក្លាយជាអាទិភាពសន្តិសុខជាតិ កំពូលរបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់ក្នុងរយៈពេល ពីរទៅបីខែខាងមុខនេះ ហើយជាក់ស្តែងអ្វីដែលនឹងធ្វើ គឺរុញច្រានអាទិភាពដទៃទៀត ទាំងអស់រួមទាំងកូរ៉េខាងជើង ផងដែរ នៅប៉ុន្មានខែខាងមុខនេះ”។
លោក Kazianis បានលើកឡើងទៀតថា ការដាក់បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង លើបញ្ហាដុតក្ដៅ គឺជាបញ្ហាក្នុងស្រុក ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការចាក់វ៉ាក់សាំង។ លោកព្យាករណ៍ថា ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ទំនងជាមិនមានភាពល្អប្រសើរនោះទេក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ។
លោក Frank Jannuzi ប្រធានមូលនិធិ Mansfield ក៏បានលើកឡើងផងដែរថាកូរ៉េខាងជើង អាចបង្កឱ្យសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរសាច់ដុំជុំថ្មី រួមទាំងការដាក់ពង្រាយ នាវាមុជទឹកមីស៊ីលផ្លោង ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នៅឆ្នាំក្រោយ។
លោកបានបន្ដថា កូរ៉េខាងជើង អាចនឹងព្យាយាមកេងប្រវ័ញ្ចស្ថានការណ៍នេះ ដោយមានចេតនាញុះញង់អាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប៉ះពាល់ ដល់សាមគ្គីភាពសម្ព័ន្ធភាព។
គួរបញ្ជាក់ថា ការចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយរវាង អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឆ្នាំ២០១៩ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									