ព័ត៌មានអន្តរជាតិ

លោក បៃដិន តែងតាំងអតីតជំនួយការ កំពូលលោក អូបាម៉ា ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅជប៉ុន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកនឹងតែងតាំងលោក Rahm Emanuel ដែលបានបម្រើការជាជំនួយការ កំពូលរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន ដើម្បីស្វែងរកការ បំពេញតួនាទីការទូតសំខាន់ ដែលបានទំនេរអស់រយៈពេល ប្រហែលពីរឆ្នាំមកហើយ។

លោកបៃដិន ក៏បានតែងតាំងលោក Nicholas Burns អតីតអ្នកការទូត និងបច្ចុប្បន្នជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យហាវ៉ាដ ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិនផងដែរ ហើយការតែងតាំងនេះនឹង ត្រូវការការយល់ព្រមពីព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រសិនបើមានការបញ្ជាក់ លោកអេម៉ានូអែល អាយុ ៦១ ឆ្នាំអតីតសមាជិកសភា ដែលត្រូវបានគេស្គាល់ថា មានស្ទីលស្អប់ខ្ពើម និងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក បៃដិន អតីតអនុប្រធានាធិបតីរបស់លោក អូបាម៉ា នឹងមានតួនាទីដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី ចំពេលដែលចិន មានឥទ្ធិពលកាន់តែរឹងមាំ។

លោក អេម៉ានូអែល ធ្លាប់ជាប្រធានបុគ្គលិកសេតវិមាន សម្រាប់លោក អូបាម៉ា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ មុនពេលក្លាយជា អភិបាលក្រុងឈីកាហ្គោ សម្រាប់អាណត្តិពីរពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៩ ប៉ុន្តែលោកបានសម្រេចចិត្តថា មិនស្វែងរកអាណត្តិទៀតនោះទេ បន្ទាប់ពីប្រឈមនឹងការរិះគន់ ជុំវិញការបាញ់សម្លាប់យុវជនស្បែកខ្មៅម្នាក់ ដោយមន្ត្រីប៉ូលីសកាលពីឆ្នាំ២០១៤ ។

ការពន្យាពេលក្នុងការ បញ្ចេញវីដេអូរបស់ Laquan McDonald អាយុ ១៧ ឆ្នាំដែលបានបង្ហាញនៅក្នុងវីដេអូថា កំពុងដើរឆ្ងាយពីប៉ូលីស នៅពេលដែលលោក ត្រូវបានគេបាញ់ចំនួន ១៦គ្រាប់ បានធ្វើឱ្យមានការរិះគន់ថា លោក អេម៉ានូអែល ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ លាក់បាំងហេតុការណ៍នេះ។

អង្គការនិងគណបក្ស ប្រជាធិបតេយ្យស្តាំនិយម បានលើកឡើងពីកំណត់ត្រា គ្រប់គ្រងរបស់លោក អេម៉ានូអែល ដើម្បីចោទសួរថាតើលោក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការធ្វើជាឯកអគ្គរដ្ឋទូត ឬតួនាទីដ៏ខ្ពង់ខ្ពស់ផ្សេងទៀត នៅក្នុងរដ្ឋបាលលោក បៃដិន ដែលផ្តោតការយកចិត្តទុកដាក់ លើការប្រឆាំងការរើសអើងជាតិសាសន៍ ឬយ៉ាងណា ៕

ដោយ ឈូក បូរ៉ា

To Top