ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ ការដកទ័ព ពីអាហ្វហ្គានីស្ថាន គឺជាការសម្រេចចិត្ត ដ៏សមហេតុផល និងត្រឹមត្រូវ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បាននិយាយថា លោកជឿជាក់ថា ប្រវត្តិសាស្ត្រ នឹងបង្ហាញថា លោកបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ចំពោះការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះជាពួកតាលីបង់ផ្តួលរំលំ រដ្ឋាភិបាលរបស់ប្រទេសនេះក៏ដោយ។

ថ្លែងនៅសេតវិមាននៅថ្ងៃអាទិត្យ លោក បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានធ្វើការជម្លៀសបានយ៉ាងជោគជ័យ នូវមនុស្សជាង៣៣.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយការបញ្ជាក់ថា ដំណើរការនេះនឹងនៅតែ បន្តមានការលំបាក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគិតថា ប្រវត្តិសាស្ត្រនឹងធ្វើការកត់ត្រាថា នេះគឺជាការសម្រេចចិត្តដ៏ សមហេតុផលនិងត្រឹមត្រូវ ដែលត្រូវតែធ្វើឡើង”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក គឺត្រូវបានធ្វើឡើង ស្របពេលដែលយន្តហោះ ដឹកអ្នកដំណើរអាមេរិកចំនួន ១៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿង មកពីក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air ហើយ២គ្រឿង មកពីក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines នោះ នឹងត្រូវបានប្រើប្រាស់ជួយដល់ការជម្លៀស តាមការជំរុញរបស់មន្ទីរបញ្ចកោណ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top