ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ លោកមានក្តីព្រួយបារម្ភដូចគ្នា តែនៅតែប្រកាន់ខ្ជាប់នឹងកិច្ចការការទូតស្តីពី នុយក្លេអ៊ែ

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងនិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភដូចគ្នានឹងអ៊ីស្រាអែល ដែលអ៊ីរ៉ង់ នាពេលថ្មីៗនេះ ធ្វើការពន្លឿនកម្មវិធីនុយក្លែអ៊ែ ប៉ុន្តែបច្ចុប្បន្ននៅតែប្តេជ្ញាប្រកាន់យកកិច្ចការការទូត ជាមួយនឹងទីក្រុងតេអេរ៉ង់។

ផ្តល់សេចក្តីលម្អិតដោយផ្ទាល់ដោយអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “ចាប់តាំងពីរដ្ឋបាលមុន បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់មក កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ បានមានការវិវត្តិស្ទុះកើនឡើងជាខ្លាំង ហើយវាកំពុងតែបង្កើនល្បឿន ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍”។

មន្ត្រីអាមេរិកដដែលនេះបានធ្វើការបញ្ជាក់ប្រាប់បន្តថា រដ្ឋបាលលោក បៃដិន មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានបង្ហាញថា លោក បៃដិន ប្រាកដចិត្តថានឹងបដិសេធរាល់សំណើណាមួយ ពីលោក Bennett ដែលឲ្យបញ្ឈប់កិច្ចប្រឹងប្រែងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ឡើងវិញ។

តាមសេចក្តីរាយការណ៍ បើទោះជាមានការខ្វែងគំនិតគ្នាក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកក៏ដូចជាមន្ត្រីអ៊ីស្រាអែលដែរ បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចនៅសេតវិមាន នឹងបង្ហាញនូវចំណុចវិជ្ជមាន រវាងលោក បៃដិន និងលោក Bennett ជាអ្នកនយោបាយស្តាំនិយម ដែលបានបញ្ចប់ការកាន់អំណាចជានាយករដ្ឋមន្ត្រី១២ឆ្នាំរបស់លោក Benjamin Netanyahu កាលពីខែមិថុនា៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×