ព័ត៌មានអន្តរជាតិ

ថៃ បន្ធូរបន្ថយការរឹតត្បិត ខណៈករណីឆ្លងប្រចាំថ្ងៃនៃជំងឺ កូវីដ-១៩ ធ្លាក់ចុះជាបណ្ដើរៗ

បាងកក៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតលើជំងឺកូវីដ -១៩ នៅទីក្រុងបាងកក និងខេត្តមួយចំនួនទៀតនៅខែក្រោយ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ ខណៈការចាក់វ៉ាក់សាំងកើនឡើងក្នុងល្បឿនលឿន

ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅភោជនីយដ្ឋាន ដែលមានម៉ាស៊ីនត្រជាក់ នឹងអនុញ្ញាតឱ្យបន្តសេវាកម្មទទួលទានអាហាររហូតដល់ម៉ោង ៨ យប់ រហូតដល់ ៥០ ភាគរយនៃសមត្ថភាពរបស់ពួកគេ ចំណែកឯភោជនីយដ្ឋានបើកចំហអាចទទួលបានអតិថិជនរហូតដល់ ៧៥ ភាគរយនៃសមត្ថភាពរបស់ពួកគេ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ។

ហាងកាត់សក់ កន្លែងម៉ាស្សា និងគ្លីនិកកែសម្ផស្សអាចបើកដំណើរការឡើងវិញ ដោយមានការរឹតត្បិតខ្លះ ខណៈកន្លែងកីឡាក្រៅ និងសួនសាធារណៈ អាចត្រូវបានបើកដោយមានវិធានការគម្លាតសង្គមតឹងរ៉ឹង។

ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ថ្មីចំនួន ២៧៣នាក់ និងករណីថ្មីចំនួន ១៨,៧០២ ករណីទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានចំនួន ១០,៥៨៧ នាក់ និងអ្នកឆ្លងចំនួន ១,១៣៩,៥៧១ នាក់។

ករណីឆ្លងថ្មីភាគច្រើនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅតែស្ថិតក្នុងទីក្រុងបាងកកចំនួន ៤,៦៩៩ករណី បន្ទាប់មកតាមពីក្រោយដោយខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី ចំនួន ១,២២០ ករណី និង ១,០៦៤ករណគ ។ ករណីថ្មីនៅតាមបណ្តាខេត្តផ្សេងទៀតទាបជាង ១,០០០ករណី៕ដោយ ឈូក បូរ៉ា

To Top