បរទេស៖ ក្រុមមន្ត្រីបាននិយាយប្រាប់ថា យ៉ាងតិចបំផុតមានមនុស្សចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស នៅថ្ងៃសុក្រនេះ ក្រោយមានការផ្ទុះគ្រាប់ជាបន្តបន្ទាប់ នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងប្រទេសកាហ្សាក់ស្ថាន។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរបាននិយាយប្រាប់ថា ការផ្ទុះគ្រាប់យ៉ាងតិចបំផុតចំនួន៦ បានកើតមានឡើង នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងខេត្ត Zhambyl ដែលផ្ទុកគ្រាប់រំសេវសម្រាប់ គោលបំណងវិស្វកម្ម។
នៅពេលភ្លាមៗនេះ នៅមិនទាន់ដឹងពីមូលហេតុ នៃការផ្ទុះនោះទេ ប៉ុន្តែក្រសួងសង្គ្រោះបន្ទាន់កាហ្សាក់ស្ថាន បាននិយាយប្រាប់អ្នកសារព័ត៌មានថា មន្ត្រីស៊ើបអង្កេតមិនបដិសេធ អំពីការបំផ្លិចបំផ្លាញនោះទេ នេះបើយោងតាមវិទ្យុអឺរ៉ុបសេរី។ ក្នុងការហេតុការណ៍ផ្ទុះគ្រាប់នោះ មានកងទ័ព ៤នាក់បានស្លាប់ និងមានចំនួនប្រហែល ៩០ផ្សេងទៀតរងរបួស។
រដ្ឋមន្ត្រីការពារជាតិកាហ្សាក់ស្ថាន លោក Nurlan Ermekbaev បានស្នើសុំលាឈប់ពីតំណែងរបស់លោក ប៉ុន្តែបានមានប្រសាសន៍ថា ការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយលោកប្រធានាធិបតី Qasym-Zhomart Toqaev ៕
ប្រែសម្រួល៖ ប៉ាង កុង
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									