ព័ត៌មានអន្តរជាតិ

ដំណឹងក្តៅៗ! លោក បៃដិន ព្រមានថា អាចនឹងមានការវាយប្រហារ មួយផ្សេងទៀត នៅឯព្រលានយន្តហោះកាប៊ុល

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានព្រមានថា ការវាយប្រហារមួយទៀតលើ អាកាសយានដ្ឋានក្រុងកាប៊ុល ទំនងជាអាចកើតមាន ឡើងនៅព្រឹកថ្ងៃអាទិត្យ ។

ក្រសួងការបរទេស បានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីតំបន់ក្បែរ ព្រលានយន្តហោះដោយសារតែ “ការគំរាមកំហែង ជាក់លាក់គួរឱ្យទុកចិត្ត” ។

គេបានដឹងថា សហរដ្ឋអាមេរិក កំពុងបន្តការជម្លៀស ប៉ុន្តែចុងក្រោយទាហានចក្រភពអង់គ្លេស អ្នកការទូត និងមន្រ្តីបានចាកចេញពីទីក្រុងកាប៊ុល ។

គួររំលឹកថា ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅជិតព្រលានយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍បណ្តាលឱ្យ មនុស្សប្រហែល ១៧០នាក់ស្លាប់ ។

សាខាក្នុងស្រុកមួយ របស់ក្រុមរដ្ឋអ៊ីស្លាមនៅរដ្ឋ Khorasan (IS -K) បានអះអាងពីការវាយប្រហារនេះ ។

នៅក្នុងការសងសឹក សហរដ្ឋអាមេរិកបាន ធ្វើការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកមួយនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រដោយបាននិយាយថា ខ្លួនបានសម្លាប់សមាជិក IS-K ២នាក់ដែលមានទម្រង់ខ្ពស់ ។

អ្នកទាំង២ ត្រូវបានពិពណ៌នាថា ជាអ្នករៀបចំផែនការ និងជាអ្នកសម្របសម្រួល ។ វាមិនច្បាស់ទេ ថាតើ ពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការរៀបចំផែនការវាយប្រហារ ព្រលានយន្តហោះនៅទីក្រុងកាប៊ុល ។

លោក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារនេះមិនមែន ជាលើកចុងក្រោយឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top