ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅតំបន់ឧស្សាហកម្ម Bangpoo របស់ថៃ បង្ខំឱ្យក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិក Delta Electronics ប្រកាសបិទទ្វារបណ្តោះអាសន្ន

បរទេស៖ គ្រោះទឹកជំនន់ដ៏ធំនៅឯតំបន់ឧស្សាហកម្ម Bangpoo ក្នុងខេត្ត Samut Prakan បាននាំឱ្យក្រុមហ៊ុន Delta Electronics Plc ប្រកាសបិទប្រតិបត្តិការបណ្តោះអាសន្នរបស់ខ្លួននៅទីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Delta ដែលជាក្រុមហ៊ុននាំចេញគ្រឿងអេឡិចត្រូនិក ឈានមុខគេ នៅប្រទេសថៃ បានជូនដំណឹងដល់ផ្សារហ៊ុនថៃអំពីការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃច័ន្ទនេះ។

ក្រុមហ៊ុនបាននិយាយថា រោងចក្រចំនួន ៣ របស់ខ្លួន និងឃ្លាំង២ នឹងមិនបើកឡើងវិញទេរហូតដល់ទឹកជំនន់បានធ្លាក់ចុះដល់កម្រិតសុវត្ថិភាព។ ក្រុមហ៊ុនបាននិយាយថា ខ្សែសង្វាក់ផលិតកម្មមិនត្រូវបានខូចខាតដោយសារទឹកជំនន់នោះទេ។ ក្រុមហ៊ុននឹងវាយតម្លៃការខូចខាតបន្ទាប់ពីទឹកជំនន់បានស្រកចុះ។

តំបន់ឧស្សាហកម្មនេះមានរោងចក្រប្រហែល ៣០០ ។ ក្រុមហ៊ុន Delta គឺជាក្រុមហ៊ុនតែមួយគត់ដែលបិទប្រតិបត្តិការរបស់ខ្លួនរហូតមកនៅពេលបច្ចុប្បន្ននេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top