ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្តេជ្ញាផ្តល់ជំនួយសន្តិសុខ ក្នុងជំនួបដំបូង ជាមួយប្រធានាធិបតីអ៊ុយក្រែន

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodmyr Zelenskiy នៅថ្ងៃពុធនេះ ហើយមន្ត្រីអាមេរិកមួយរូបបាននិយាយថា លោកនឹងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់អធិបតេយ្យអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមជាមួយការសន្យាផ្តល់ជំនួយសន្តិសុខមានទំហំទឹកប្រាក់៦០លានដុល្លារ។

នៅក្នុងជំនួបគ្នាផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងខែមករាមកនោះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់ពួកលោក ជុំវិញបំពង់បង្ហូរប្រេង Nord Stream 2 ដែលអ៊ុយក្រែនខ្លាចថា អាចនឹងត្រូវរុស្ស៊ីប្រើប្រាស់ជាអាវុធភូមិសាស្ត្រនយោបាយ នៅក្នុងចំណោមបញ្ហាដទៃទៀត។

តាមសេចក្តីរាយការណ៍ ដំណើរទស្សនកិច្ចរបស់លោក Volodmyr Zelenskiy ទៅសេតវិមាននេះ គឺត្រូវបានធ្វើឡើង ក្រោយលោកដើរតួនាទីមិនសមទំនងនិងដ៏ខ្ពស់មួយ នៅក្នុងដំណើរការដែលនាំឲ្យមានការចោទប្រកាន់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា លោក ត្រាំ ដែលបានចាញ់លោក បៃដិន ក្នុងការឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០នោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ពមួយក្នុងឆ្នាំ២០១៩ បានជំរុញមេដឹកនាំអ៊ុយក្រែន ឲ្យធ្វើការស៊ើបអង្កេតលើលោក បៃដិន និងកូនប្រុសរបស់លោក ដែលបម្រើការជាប្រធានឲ្យក្រុមហ៊ុនថាមពលអ៊ុយក្រែនមួយ ហើយព័ត៌មាននៃកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទនោះ បានបង្កឲ្យមានកិច្ចប្រឹងប្រែងធ្វើឲ្យលោក ត្រាំ ចាកចេញពីអំណាច៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top