បាងកក៖ មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្ម នៅកណ្តាលទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូឆា ហើយបានលើកឡើងថា ពួកគេនឹងត្រឡប់មកវិញជារៀងរាល់ថ្ងៃរហូតដល់លោក ចាកចេញពីតំណែង។
ការធ្វើបាតុកម្មនៅកណ្តាលទីក្រុងបាងកក គឺជាការជួបជុំដ៏ធំបំផុតមួយនៅឆ្នាំនេះ បើទោះបីជាមានការព្រមានពីប៉ូលីស កាលពីថ្ងៃមុននេះក៏ដោយ ថាការតវ៉ាត្រូវបានហាមឃាត់ ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។
ការតវ៉ាប្រឆាំងលោកប្រាយុទ្ធ ទទួលបានសន្ទុះចាប់តាំងពីចុងខែមិថុនា ខណៈក្រុមដែលស្វែងរកការដកតំណែងរបស់លោក កាលពីឆ្នាំមុនបានត្រឡប់មកវិញ ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ដែលខឹងសម្បាដោយស្ថានការណ៍ជំងឺឆ្លងកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសនេះ។
ប្រទេសថៃ បានកត់ត្រាការឆ្លងជាង ១,២ លាននាក់ និងមានអ្នកស្លាប់ចំនួន ១២,១០៣ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ដោយភាគច្រើននៃករណីឆ្លង និងការស្លាប់កើតឡើងតាំងពីខែមេសា ឆ្នាំនេះ។
ការធ្វើបាតុកម្មនេះក៏កំពុងកើតឡើងផងដែរ ខណៈដែលលោកប្រាយុទ្ធ កំពុងប្រឈមមុខនឹងការដុតកំដៅនៅក្នុងសភា ក្នុងការជជែកដេញដោលគ្នា ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ គណបក្សប្រឆាំង បានចោទប្រកាន់នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីខុទ្ទកាល័យ ៥ រូបផ្សេងទៀត អំពីអំពើពុករលួយ ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងអសមត្ថភាពក្នុងការឆ្លើយតបទៅនឹងមេរោគឆ្លង៕
ដោយ ឈូក បូរ៉ា