ព័ត៌មានអន្តរជាតិ

អាមេរិក កោតសរសើរ ទំនាក់ទំនង ជិតស្និទ្ធជាមួយ ជប៉ុននិងតៃវ៉ាន់ ក្នុងកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហា ជាមួយចិន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្ហាញពីការបារម្ភ ដែលការសម្រេចចិត្តភ្លាមៗ របស់នាយករដ្ឋមន្រ្តី ជប៉ុន លោក Yoshihide Suga ក្នុងការលាលែង ពីតំណែង នឹងជះឥទ្ធិពល ដល់ទំនាក់ទំនង ទ្វេភាគី ដោយហៅសម្ព័ន្ធភាពនេះថា“ ដែកថែប” និងសាទរចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលថ្មីៗនេះក្នុងការដោះស្រាយ បញ្ហាចិន និងតៃវ៉ាន់។

ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន មានអំណរគុណចំពោះការដឹកនាំ និងភាពជាដៃគូ របស់នាយករដ្ឋមន្រ្តី ជប៉ុន លោក Suga លើបញ្ហាប្រឈមរួមគ្នា ដែលជួបប្រទះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក រួមទាំងជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ កូរ៉េខាងជើង ចិន និងការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យបានឲ្យដឹងថា“ យើងសូមជូនពរ ឱ្យលោកនាយករដ្ឋមន្រ្តី ជប៉ុន មានអនាគតល្អ។ សម្ព័ន្ធភាពអាមេរិក-ជប៉ុន នឹងនៅតែមានភាពរឹងមាំ មិនត្រឹមតែរវាងរដ្ឋាភិបាលរបស់យើង ប៉ុណ្ណោះទេ ថែមទាំងប្រជាជន របស់យើងទៀតផង” ។

ទោះបីជា មានសេចក្តីថ្លែងការណ៍ សុទិដ្ឋិនិយម ក៏ដោយ ក៏ការផ្លាស់ប្តូរនយោបាយ នៅក្នុងសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់អាមេរិក ទំនងជាបាននាំមកនូវ ការខកចិត្តខ្លះ ដល់រដ្ឋបាលលោក បៃដិន ដែលបានធ្វើការ អស់ជាច្រើនខែ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយជប៉ុន ដើម្បីប្រឆាំងនឹងឥទ្ធិពល របស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក James Schoff អ្នកជំនាញផ្នែកទំនាក់ទំនង អាមេរិក-ជប៉ុន នៅឯអង្គការ Carnegie Endowment for International Peace ដែលជាក្រុមគំនិត ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា “ រដ្ឋាភិបាលជប៉ុន នឹងត្រូវចាប់ផ្តើមឡើងវិញ ជាមួយរដ្ឋបាលលោក បៃដិន ដែលជាការខកចិត្តបន្តិច” ។

ប៉ុន្តែ លោកបានចង្អុលបង្ហាញថា ផលប៉ះពាល់អាចមិនសំខាន់នោះទេ ដោយលើកឡើងថា“ ខ្ញុំគិតថា វាអាចគ្រប់គ្រង បាននៅដំណាក់កាលដំបូង ក្នុងអាណត្តិលោក បៃដិន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន ។

កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីជប៉ុនវ័យ ៧២ឆ្នាំ បានបង្ហាញពីចេតនា របស់លោក ក្នុងការចុះចេញពីតំណែង ចំពេលមានការរិះគន់ ជាសាធារណៈ ជុំវិញការឆ្លើយតប របស់លោក ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងបង្កើនការសង្ស័យ ក្នុងចំណោមសមាជិក សភាគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច អំពីការដឹកនាំរបស់លោក៕

ដោយ ឈូក បូរ៉ា

To Top