ព័ត៌មានអន្តរជាតិ

អ្នកលេងហ្វេសប៊ុក​ នៅថៃ នាំគ្នារិះគន់អាជ្ញាធរ និងបង្ហោះរូប ទឹកជន់លិចផ្លូវ ក្នុងទីក្រុង ប៉ាតាយ៉ា

ប៉ាតាយ៉ា៖ ភ្លៀងធ្លាក់មួយយប់ បានធ្វើឱ្យផ្លូវនៅទីក្រុងប៉ាតាយ៉ា របស់ប្រទេសថៃ ជន់លិចកាលពីថ្ងៃពុធ ហើយអ្នកស្រុកធុញទ្រាន់ នឹងទឹកជំនន់ម្តងហើយម្តងទៀត បានប្រើបណ្តាញសង្គម ដើម្បីបង្ហាញការត្អូញត្អែ ចំពោះអាជ្ញាធរ ដែលបន្តបរាជ័យ ក្នុងការដោះស្រាយបញ្ហា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា គណនី Twitter ឈ្មោះ Traffic Police និងទំព័រហ្វេសប៊ុក We Love Pattaya បានរាយការណ៍អំពីការជន់លិច នៅទីតាំងមួយចំនួន រួមទាំងផ្លូវ Sukhumvit និងផ្លូវនៅតាមបណ្តោយឆ្នេរ ក្នុងតំបន់ទីប្រជុំជនផងដែរ។

បណ្តាញ Traffic Police លើកឡើងថា ផ្នែកខ្លះនៃផ្លូវដែលរត់តាមបណ្តោយឆ្នេរ Jomthien បានស្រុត ហើយត្រូវបានបិទដោយរថយន្ត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ We Love Pattaya ដែលជាគេហទំព័រហ្វេសប៊ុករាយការណ៍ អំពីទីក្រុងនេះបាន ឲ្យដឹង ថា ចំណុចលិចទឹកទៀងទាត់ ក៏ស្ថិតនៅក្រោមទឹក រួមទាំងតំបន់ក្បែរស្ថានីយរថភ្លើង និងផ្លូវថ្នល់ នៅក្នុងសង្កាត់ Bang Lamung ដែលជាប់ព្រំប្រទល់ ទីក្រុងប៉ាតាយ៉ា៕ ប្រែសម្រួលៈ ណៃ តុលា

To Top