Covid-19

អឺរ៉ុប ដាក់បម្រាមធ្វើដំណើរ ឡើងវិញលើប្រទេសជប៉ុន ចំពេលមានការកើនឡើង នៃករណីឆ្លងជំងឺកូវីដ-១៩

ព្រុចសែល៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួនបានស្តារឡើងវិញនូវការហាមឃាត់ ការធ្វើដំណើរពីប្រទេសជប៉ុន បន្ទាប់ពីការកើនឡើង នៃការឆ្លងវីរុសកូរ៉ូណាថ្មី ជាមួយនឹងទម្រង់ឆ្លងថ្មី Delta ដែលមានការឆ្លងរាលដាលខ្លាំង។

សហភាពអឺរ៉ុប បានដកប្រទេសជប៉ុនចេញពីបញ្ជីប្រទេស ដែលត្រូវបានលើកលែង ពីការហាមឃាត់ការធ្វើដំណើរ មិនចាំបាច់ទៅកាន់ប្លុកសេដ្ឋកិច្ច។ ប្រទេសជប៉ុន ពីមុនត្រូវបានដកចេញពី បញ្ជីលើកលែងកាលពីខែមករា មុននឹងត្រូវបានបន្ថែមម្តងទៀត នៅក្នុងខែមិថុនា ដោយសារសហភាពអឺរ៉ុប បានបន្ធូរបន្ថយការរឹតបន្តឹង មុនរដូវវិស្សមកាលរដូវក្តៅ។

ជាមួយនឹងការហាមឃាត់ ការធ្វើដំណើរថ្មីអ្នកទេសចរ មកពីប្រទេសជប៉ុន ក្នុងគោលបំណងមិនសំខាន់ ដូចជាទេសចរណ៍ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូលទៅក្នុងប្រទេសជា សមាជិកសហភាពអឺរ៉ុបនោះទេ ទោះបីជាប្រទេសនីមួយៗ មានសិទ្ធិអំណាចលើគោលនយោបាយ ត្រួតពិនិត្យព្រំដែនផ្ទាល់ខ្លួនក៏ដោយ។

ក្នុងចំណោមសេដ្ឋកិច្ចសហភាពអឺរ៉ុប អាល្លឺម៉ង់ បានឲ្យដឹងរួចហើយថា ខ្លួននឹងរឹតត្បិតអ្នកដំណើរមកពីប្រទេសជប៉ុន ដោយកំណត់ប្រទេសនេះថា ជាតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩ ។

ក្រៅពីប្រទេសជប៉ុន សហភាពអឺរ៉ុប ក៏បានដកប្រទេសអាល់បានី អាមេនី អាស៊ែបៃហ្សង់ ប្រ៊ុយណេ និងស៊ែប៊ី ចេញពីបញ្ជីករណីលើកលែង សម្រាប់ការធ្វើដំណើរផងដែរ ។

អាជ្ញាធរសហភាពអឺរ៉ុប នៅតែប្រុងប្រយ័ត្នចំពោះសក្តានុពល នៃការរីករាលដាលនៃទម្រង់ឆ្លងថ្មី Delta នៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន បើទោះបីជាប្រហែល ៧០ ភាគរយនៃប្រជាជន ពេញវ័យរបស់ប្លុកនេះ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំង នឹងមេរោគនេះក៏ដោយ ៕

ដោយ ឈូក បូរ៉ា

To Top