បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ភាគីទាំង៣ កំពុងតែធ្វើឲ្យខូចខាតធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ បង្កើនការប្រកួតប្រជែងអាវុធ និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង មិនពង្រីកនុយក្លេអ៊ែអន្តរជាតិ។
សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រកាសភាព ជាដៃគូសន្តិសុខថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងទង្វើមួយដែលសម្ពន្ធមិត្តក្នុងតំបន់ កោតសរសើរ ប៉ុន្តែត្រូវបានថ្កោលទោសដោយប្រទេសចិន ថាជាការបង្កើនការប្រកួតប្រជែង អាវុធក្នុងតំបន់។
ក្រោមភាពជាដៃគូ ដែលប្រកាសដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នោះ សហរដ្ឋអាមេរិកនិងអង់គ្លេស នឹងផ្តល់ឲ្យអូស្ត្រាលី នូវបច្ចេកវិទ្យានិងសមត្ថភាពប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន កំពុងតែរកផ្លូវទប់ទល់ នឹងអំណាចនិងឥទ្ធិពល ដែលកំពុងតែកើនឡើងរបស់ប្រទេសចិន ជាពិសេសនោះ គឺការកពូនកម្លាំងយោធា ការដាក់សម្ពាធលើតៃវ៉ាន់ និងការដាក់ពង្រាយកម្លាំងយោធា នៅសមុទ្រចិនខាងត្បូង ជាដែនទឹកមានជម្លោះ៕ប្រែសម្រួល៖ប៉ាង កុង