ព័ត៌មានអន្តរជាតិ

វៀតណាម៖ គ្រប់គ្នាដែលធ្វើការ នៅការដ្ឋាន តម្រូវឱ្យមានបណ្ណចាក់ វ៉ាក់សាំង២ដង ឬជាសះស្បើយ ពីកូវីដពេញលេញ

ហូជីមិញ៖ រដ្ឋបាលទីក្រុងហូជីមិញបានណែនាំឱ្យការងារសាងសង់នៅក្នុងតំបន់ឆ្លងមេរោគកូវីដ ១៩ ដែលមានហានិភ័យទាប គឺអាចបន្តឡើងវិញបានបន្ទាប់ពីថ្ងៃទី ៣០ ខែកញ្ញា ប្រសិនបើពួកគេបំពេញតាមតម្រូវការសុវត្ថិភាព។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានសំណង់ទីក្រុង កំពុងស្វែងរកការយល់ព្រមពីគណៈកម្មាធិការប្រជាជនសម្រាប់សំណុំលក្ខណៈវិនិច្ឆ័យដែលបានរៀបចំឡើង សម្រាប់ចាត់ថ្នាក់លើការងារសំណង់ទាំងនោះ។

ការងារនេះត្រូវបានអនុម័ត ដោយនាយកដ្ឋានសុខាភិបាល។

វាត្រូវបានចាត់ថ្នាក់ការងារសំណង់ជាពីរប្រភេទ គឺ នៅក្នុងតំបន់ធម្មតាថ្មី ដែលមានហានិភ័យទាបនៃការឆ្លងវីរុសកូវីដ-១៩ និងតំបន់ដែលមានហានិភ័យខ្ពស់ ឬខ្លាំងខ្លាំងនៃការឆ្លងវីរុស។

ដំបូងនេះនឹងត្រូវបានផ្តល់អាជ្ញាប័ណ្ណ បន្តឡើងវិញលើការងារសាងសង់ដោយផ្តល់អាទិភាពដល់គម្រោងជាតិធំ ៗ គម្រោងសំខាន់ៗនិងបន្ទាន់ ការងារបម្រើដល់ការគ្រប់គ្រងជំងឺរាតត្បាត ការការពារជាតិ និងសន្តិសុខ ផលិតកម្មឧស្សាហកម្ម ដឹកជញ្ជូន កសិកម្មនិងការអភិវឌ្ឍន៍ជនបទ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស នៅខាងក្រៅតំបន់ទីក្រុង ឬឆ្ងាយ ពីតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់។

តម្រូវការសុវត្ថិភាពរួមមាន អ្នករាល់គ្នាដែលធ្វើការនៅកន្លែងសំណង់ គឺត្រូវមានវិញ្ញាបនប័ត្របញ្ជាក់ថា ពួកគេបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ២ ដង ឬបានជាសះស្បើយពេញលេញ បន្ទាប់ពីឆ្លងជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top