ព័ត៌មានអន្តរជាតិ

លោក បៃដិន ប្ដេជ្ញាបើកទំព័រការទូតថ្មី ជាមួយសម្ព័ន្ធមិត្ដ ហើយផ្ដោតសំខាន់ លើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងចាប់ផ្តើម“ យុគសម័យថ្មី នៃការទូតឥតឈប់ឈរ” ដែលពាក់ព័ន្ធ នឹងការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈម ដូចជាជំងឺរាតត្បាតកូវីដ-១៩ និងការការពារសិទិ្ធមនុស្ស ខណៈដែលបង្ហាញពីការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ប្រទេស ទៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបង្កើនការប្រកួតប្រជែង ជាមួយចិន។

សុន្ទរកថាលើកដំបូង របស់លោក បៃដិន ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ ចាប់តាំងពីឡើងកាន់តំណែងភាគច្រើន បានបង្ហាញពីពហុភាគីនិយម ផ្ទុយពីគោលនយោបាយឯកតោភាគីនិយម “ អាមេរិកទីមួយ” របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើទោះបីជាថ្មីៗនេះលោក បៃដិន ផ្ទាល់បានប្រឈមមុខ នឹងការរិះគន់ ចំពោះសម្ព័ន្ធមិត្ត ដែលមិនពេញចិត្ត ចំពោះការផ្លាស់ប្តូរគោល នយោបាយការបរទេសសំខាន់ៗ មួយចំនួនក៏ដោយ។

ដោយកត់សម្គាល់ថា ទីបំផុតសហរដ្ឋអាមេរិក បានបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលបង្កឡើង ដោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក បៃដិន បានឲ្យដឹង នៅ ដើមសុន្ទរកថារយៈពេល ៣០ នាទី របស់លោកនៅទីក្រុង ញូវយ៉កថា “ នៅពេលយើងបិទសម័យសង្គ្រាម ឥតឈប់ឈរនេះ យើងបើកយុគសម័យថ្មី នៃការទូតឥតឈប់ឈរ”។

លោកបានលើកឡើងថា“ នៅពេលយើងសម្លឹងឆ្ពោះទៅមុខ យើងនឹងដឹកនាំរាល់បញ្ហាប្រឈមធំបំផុត នៃពេលវេលារបស់យើង ពីជំងឺកូវីដ-១៩ ទៅបញ្ហាអាកាសធាតុ សន្តិភាព និងសន្តិសុខ សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស ប៉ុន្តែយើងនឹងមិនដើរ តែឯងនោះទេ” ។

ដោយហៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងចំណោមតំបន់ ដែលមានផលវិបាកបំផុត នៅថ្ងៃនេះ និងថ្ងៃស្អែក លោក បៃដិន ក៏បានឲ្យដឹងផងដែរថា បញ្ហាប្រឈមរបស់ពិភពលោក នឹងត្រូវដោះស្រាយរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូតាមរយៈ“ កិច្ចសហប្រតិបត្តិការនៅស្ថាប័នពហុភាគី ដូចជាអង្គការសហប្រជាជាតិ” ។

ក្នុងនាមជាវិធានការណ៍ជាក់លាក់ ដែលបង្ហាញពីភាពជាអ្នកដឹកនាំ សហរដ្ឋអាមេរិកលោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងបង្កើនហិរញ្ញប្បទានអន្តរជាតិជាសាធារណៈរបស់ខ្លួនទ្វេដង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងប្តេជ្ញាចិត្តចំនួន ១០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានទាំងក្នុង និងក្រៅប្រទេស។

លោក បៃដិន មិនបានបញ្ជាក់ឈ្មោះប្រទេសចិន ឱ្យច្បាស់នៅក្នុង សុន្ទរកថា របស់លោកនោះទេ ប៉ុន្តែសំដៅទៅលើសកម្មភាព របស់ប្រទេសអាស៊ីក្នុងតំបន់ ដោយប្តេជ្ញាថា នឹង“ ប្រឆាំងការប៉ុនប៉ងរបស់ប្រទេស ដែលខ្លាំងជាង ដើម្បីគ្រប់គ្រងលើប្រទេស ដែលទន់ខ្សោយ មិនថាតាមរយៈការផ្លាស់ប្តូរទឹកដី ដោយកម្លាំង ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចការកេងប្រវ័ញ្ចផ្នែកបច្ចេកទេស ឬព័ត៌មានមិនពិត “។

ការព្រួយបារម្ភបានកើនឡើង ចំពោះការបង្កើនកម្លាំងយោធារបស់ចិន ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការទាមទារទឹកដីនៅសមុទ្រចិនខាងកើត និងខាងត្បូង ព្រមទាំងសម្ពាធរបស់ខ្លួនទៅលើកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលត្រូវបាន បង្រួបបង្រួមជាមួយចិនដីគោក បើចាំបាច់ ៕

ដោយ ឈូក បូរ៉ា

To Top