ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានបង្ហាញ នូវនយោបាយការបរទេសអន្តរជាតិ ចំនួន៤ចំណុច ក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឥន សុផល បានសរសេរយ៉ាងដូចច្នេះថា « តោះមករៀន ឈ្វេងយល់ពីនយោបាយ ការបរទេសអន្តរជាតិ!
១. នយោបាយការទូត មានតែផលប្រយោជន៍ ពុំមានមិត្តភាពទេ! អ្នកឈ្លាសវៃ ជាអ្នកឈ្នះលើផលប្រយោជន៍! មិត្តភាពប្រេះស្រាំថ្ងៃនេះ អាចប៉ះប៉ូវនៅថ្ងៃស្អែកបាន! ប៉ុន្តែផលប្រយោជន៍ បាត់បង់នៅថ្ងៃនេះ គឺគ្មានឱកាសសម្រាប់ថ្ងៃស្អែកទេ!
២.លោកស្រី Elizabeth Truss រដ្ឋមន្ត្រីការបរទេសថ្មី របស់អង់គ្លេស គឺជាបៀរសន្លឹកអាត់របស់អង់គ្លេស ទើបតែចូលកាន់តំណែងមួយសប្តាហ៍ ធ្វើឱ្យបារាំងបាក់ចង្កេះ ខាតបង់អស់ជាង៦៦ពាន់លានដុល្លារ ដោយសារគំនិតផ្តួចផ្តើម របស់លោកស្រី បង្កើតដៃគូ កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី AUKUS alliance។
៣.នៅក្នុងដំណើរទស្សនកិច្ច របស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក បានប្រកាសពីកិច្ចសហប្រតិបត្តិការ សន្តិសុខត្រីភាគីអង់គ្លេស, សហរដ្ឋអាមេរិក និងអូស្ត្រាលី AUKUS ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលអូស្ត្រាលី ប្រកាសលុបកិច្ចព្រមព្រៀង នាវាមុជទឹកជាមួយបារាំង ដែលមានតម្លៃជាង៦៦ពាន់លានដុល្លារ ហើយងាកមកជ្រើសរើសយក កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ចម្រុះជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដែលអង់គ្លេសសន្យាថា១៨ខែ នឹងបង្ហាញពីគម្រោង បច្ចេកវិទ្យានាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ និងចាប់ផ្តើមដំណើរការផលិត ដែលអង់គ្លេសមានបទពិសោធជាង៦០ឆ្នាំ និងមានអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកនាវាមុជទឹក ដើរដោយថាមពល Nuclear Power រាប់រយនាក់។
៤.បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប នយោបាយការបរទេសអង់គ្លេស បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ Indo-Pacific ជាមួយសម្ពន្ធមិត្តអាមេរិក និងអូស្ត្រាលី ហេតុនេះអូស្ត្រាលីជាចំណុចសំខាន់ក្នុងការពង្រឹងមូលដ្ឋានយោធា ដើម្បីទប់ទល់ឥទ្ធិពលចិន នៅក្នុងតំបន់ផង និងដើម្បីសុវត្ថិភាពសន្តិសុខរបស់ខ្លួនផង អូស្ត្រាលីក៏សម្រេចចងសម្ពន្ធ AUKUS ជាមួយមហាអំណាចទាំងពីរនេះ»។
លោក បញ្ជាក់ថា “អ្នកមានសមត្ថភាព ធ្វើការបង្ហាញពីលទ្ធផល ពុំមែនបង្ហាញតែរបាយការណ៍ទេ!”៕