ព័ត៌មានអន្តរជាតិ

បំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី កើនឡើងដល់ ៤៦៣ពាន់ លានដុល្លារ

ហ្សាកាតា៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានរាយការណ៍ថា បំណុលរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកើនឡើងដល់ ៦,៦២៥,៤៣ ទ្រីលានរូពី (ប្រហែល ៤៦៣,៧៨ ពាន់លានដុល្លារអាមេរិក) នៅចុងខែសីហានេះ។

ក្រសួងបានបន្ថែមថា បំណុលនេះបានកើនឡើង ១៨,៤២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីចំនួន ៥,៥៩៤,៩៣ ទ្រីលានរូពី (ប្រហែល ៣៩១,៦៥ ពាន់លានដុល្លារ) កាលពីខែសីហា ឆ្នាំមុន។

នៅក្នុងការប្រៀបធៀបបំណុលជាតិនៅចុងខែសីហានេះ បានកើនឡើងចំនួន ៥៥,២៧ ទ្រីលានរូពី (ប្រហែល ៣,៨៦ ពាន់លានដុល្លារ) ផ្ទុយពីតួលេខខែកក្កដា ចំនួន ៦,៥៧០,១៦ ទ្រីលានរូពី (ប្រហែល ៤៥៩,៩១ ពាន់លានដុល្លារ) ។

យោងតាមរបាយការណ៍ថវិការដ្ឋ ដែលបានចេញផ្សាយនាពេលថ្មីៗនេះរបស់ក្រសួងហិរញ្ញវត្ថុសម្រាប់ខែកញ្ញា បំណុលជាតិនៅចុងខែសីហា ត្រូវបានកត់ត្រាប្រហែល ៤០,៨៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Sri Mulyani Indrawati បានលើកឡើងថា“ ការកើនឡើងនៃបំណុលជាតិ អាចបណ្តាលមកពីការកើនឡើងនៃការចំណាយរបស់រដ្ឋ ជាពិសេសនៅក្នុងវិស័យសុខាភិបាល ដូចជាការផ្តល់វ៉ាក់សាំងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងការទិញផ្សេងទៀតទាក់ទងនឹងជំងឺរាតត្បាត” នេះបើយោងតាមរបាយការណ៍ថវិការដ្ឋកាលពីថ្ងៃចន្ទ។

របាយការណ៍នេះក៏បានលើកឡើងផងដែរថា កត្តាសំខាន់បំផុតនៅពីក្រោយកំណើនបំណុល គឺការកើនឡើងប្រចាំខែនៃក្រដាសបំណុលអធិបតេយ្យក្នុងស្រុក (SBN) ដែលបានកើនឡើងចំនួន ៨០,១ ពាន់ពាន់លានរូពី (ប្រហែល ៥,៦ ពាន់លានដុល្លារ) នៅក្នុងខែសីហា៕


ដោយ ឈូក បូរ៉ា

To Top