បរទេស៖សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចំពោះការពង្រីកឱកាសរបស់តៃវ៉ាន់ សម្រាប់ការចូលរួមអន្តរជាតិ នេះបើយោងតាមសម្តីមន្ត្រីការទូតជាន់ខ្ពស់អាមេរិកមួយរូប នៅក្នុងព្រឹត្តិការណ៍មួយ ជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដែលក៏ចូលរួមដោយឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិផង។
ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីមួយផ្នែករបស់ខ្លួននោះ តែងតែរារាំងកោះតៃវ៉ាន់មិនឲ្យចូលរួមក្នុងអង្គការពិភពលោកនានា ដូចជាអង្គការសហប្រជាជាតិជាដើម ដោយនិយាយថា វាជាខេត្តមួយរបស់ចិន គ្មានសិទ្ធិជារដ្ឋនោះទេ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ គោលដៅអភិវឌ្ឍន៍និរន្តរភាពអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ លោក Jeremy Cornforth ជាអនុប្រធាននៃស្ថានទូតតំណាងរបស់អាមេរិក ជាវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ AIT បានមានប្រសាសាន៍ថា តៃវ៉ាន់ប្តេជ្ញាប្រើប្រាស់អំណាចបច្ចេកវិទ្យាខ្លួន សម្រាប់ផលប្រយោជន៍រួម។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Jaun News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបាននិយាយបន្ថែមនៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលចេញដោយវិទ្យាស្ថាន AIT នៅថ្ងៃព្រហស្បតិ៍នេះថា “សហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់ការប្តេជ្ញា ចំពោះការពង្រីកឱកាសអន្តរជាតិរបស់តៃវ៉ាន់”៕