ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវេណេស៊ុយអេឡា ផ្អាកកិច្ចចរចា ជាមួយក្រុមប្រឆាំង

បរទេស៖ ប្រទេសវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងផ្អាកកិច្ចចរចាគ្នាជាមួយក្រុមប្រឆាំង ដែលគ្រោងធ្វើឡើងវិញ នៅក្នុងចុងសប្ដាហ៍នេះ ក្រោយប្រទេសកាបវែរធ្វើបត្យាប័ន អ្នកជំនួញកូឡំប៊ី លោក Alex Saab ឲ្យទៅសហរដ្ឋអាមេរិក ពីបទលាងលុកកខ្វក់។

សេចក្តីប្រកាសនោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងដោយសមាជិកសភា នៃបក្សសង្គមនិយម លោក Jorge Rodriguez ដែលដឹកនាំក្រុមចរចារបស់រដ្ឋាភិបាល។ លោកបាននិយាយថា រដ្ឋាភិបាលវេណេស៊ុយអេឡា នឹងមិនចូលរួមកិច្ចពិភាក្សាគ្នា ដែលគ្រោងចាប់ផ្តើម នៅថ្ងៃអាទិត្យនេះទេ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងខែកញ្ញា រដ្ឋាភិបាលវេណេស៊ុយអេឡា បានតែងតាំង លោក Alex Saab ដែលត្រូវគេចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០២០ នៅពេលយន្តហោះលោកចុះចតចាក់សាំង ក្នុងប្រទេសកាបវែរនោះ ជាសមាជិកក្រុមចរចារដ្ឋាភិបាល នៅក្នុងកិច្ចពិភាក្សាគ្នា ជាមួយក្រុមប្រឆាំង ក្នុងប្រទេសម៉ិកស៊ិក ដែលភាគីទាំងពីរ សម្លឹងដោះស្រាយវិបត្តិនយោបាយ។

គួរបញ្ជាក់ថា តុលាការអាមេរិក បានចោទប្រកាន់លោក Alex Saab ក្នុងឆ្នាំ២០១៩ ពីបទជាប់ពាក់ព័ន្ធក្នុងទង្វើសូកប៉ាន់ កេងយកប្រយោជន៍ពីអត្រាប្តូរប្រាក់ គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសវេណេស៊ុយអេឡា ហើយអាមេរិក ក៏បានដាក់ទណ្ឌកម្មលោក ពីបទរៀបចំបណ្ដាញពុករលួយ អនុញ្ញាតឲ្យលោក និងលោក នីកូឡាស់ ម៉ាឌូរ៉ូ ទទួលបានផលប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភស្បៀងអាហារ ដំណើរការដោយរដ្ឋផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×