បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាថា ប្រទេសចិននឹងតែងតែរក្សាសន្តិភាពពិភពលោក និងក្រឹត្យក្រមអន្តរជាតិ ស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត បង្ហាញក្តីព្រួយបារម្ភ ជុំវិញឥទ្ធិពលកើនឡើងរបស់ចិនលើពិភពលោកក៏ដោយ។
ការថ្លែងបែបនេះរបស់លោកប្រធានាធិបតីចិន គឺត្រូវបានធ្វើងឡើង ក្រោយតៃវ៉ាន់បាននិយាយក្នុងខែនេះថា ភាពតានតឹងយោធាជាមួយចិន គឺធ្លាក់ដល់ដំណាក់កាលអាក្រក់បំផុត ក្នុងរយៈពេលជាង៤០ឆ្នាំ ស្របពេលមានក្តីព្រួយបារម្ភកើនឡើងថា មហាអំណាចចិន អាចនឹងព្យាយាមប្រើប្រាស់កម្លាំងយោធា ដណ្ដើមយកកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីខ្លួន។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា នៅក្នុងសុន្ទរកថាក្នុងគម្រប់ខួបលើកទី៥០នៃការវិលចូលអង្គការសហប្រជាជាតិរបស់ចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ចិននឹងតែងតែជាអ្នកកសាងសន្តិភាពពិភពលោក និងជាអ្នកការពារបទបញ្ជាអន្តរជាតិ។
លោកបានបន្តយ៉ាងដូច្នេះថា “ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះអនុត្តរភាពនិងនយោបាយអំណាច ឯកតោភាគីនិយម និងលទ្ធិគាំពារនិយមគ្រប់រូបភាពទាំងអស់” ហើយលោកបានស្នើឲ្យមានសហប្រតិបត្តិការពិភពលោកខ្លាំងឡើង លើបញ្ហានានា ដូចជាជម្លោះក្នុងតំបន់ អំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខអ៊ីនធឺណេត និងជីវសុវត្ថិភាព៕ប្រែសម្រួល៖ប៉ាង កុង