បរទេស ៖ យោងតាមមន្ត្រីរដ្ឋាភិបាល៣រូប ដែលមិនបានបញ្ចេញ អត្តសញ្ញាណ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេស នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រសួងការពារជាតិ អាមេរិកកំពុង ធ្វើការជម្រុញ ខ្លាំងមែនទែនឲ្យមានការលក់ដ្រូនប្រយុទ្ធ ក្នុងតម្លៃប្រមាណជា៥០០លានដុល្លារ ទៅឲ្យប្រទេសកាតា ។
ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេស អាមេរិក បែរជាបានខិតខំពន្យារពេលសំណើ នេះទៅវិញដោយបានបង្ហាញនូវក្តីបារម្ភថា វានឹងអាចបង្កផលប៉ះពាល់ជាច្រើន ចំពោះនយោបាយកាទូត របស់អាមេរិក ជាមួយនឹងបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់ដែលជាសម្ព័ន្ធមិត្ត ដូចជាអារ៉ាប៊ីសាអូឌីត និង សហភាពអារ៉ាប់រួមជាដើម ។
ប្រទេសកាតា ធ្លាប់បានធ្វើការស្នើសុំទិញ ដ្រូន ប្រភេទ MQ-9 Reaper តាំងតែពីឆ្នាំទៅមកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល រហូតមកដល់ពេលនេះ កាតាបានធ្វើការជម្រុញនិងស្នើសុំសាជាថ្មី ហើយព្រមទាំងសុខចិត្ត ទទួលយកជនភៀសខ្លួន អាហ្គានីស្ថានជាច្រើន តាមការស្នើសុំដោយអាមេរិកផងដែរ ។
ប៉ង់តាហ្គោនបានមើល ឃើញថាកាតា គឺជាដៃគូដ៏គួរឲ្យទុកចិត្ត ចំពោះការប្រឈមមុខ និងប្រឆាំងទៅនឹងសកម្មភាពភេវរកម្ម ពិភពលោកនិងការធ្វើសង្គ្រាម ក្នុងតំបន់ប្រឆាំងនឹងក្រុមសកម្ម ប្រយុទ្ធផងដែរ ប៉ុន្តែកាតានឹងធ្វើឲ្យប្រទេស សម្ព័ន្ធមិត្តជាច្រើនទៀត របស់អាមេរិកមានការខឹងសម្បារ ប្រសិនបើការទិញលក់នេះ នឹងអាចធ្វើឡើងមែននោះ ៕
ប្រែសម្រួល៖ស៊ុនលី