ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្យាយាមឲ្យមានតុល្យភាព ត្រឹមត្រូវលើសម្ពាធអ៊ីរ៉ង់ ស្របពេលកិច្ចពិភាក្សាគ្នាបន្តឡើងវិញ

បរទេស៖ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែគ្រោងបន្តធ្វើជាថ្មីនៅក្នុងខែនេះ ជាមួយប្រទេសអ៊ីរ៉ង់នោះ មានមន្ទិលសង្ស័យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងតែព្យាយាមឲ្យមានតុល្យភាពដ៏ត្រឹមត្រូវ រវាងការគម្រាមកំហែងនិងការផ្តល់ការលើកទឹកចិត្ត ដើម្បីនាំឲ្យទីក្រុងតេអេរ៉ង់វិលចូលអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញ។

ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានយល់ព្រមបន្តកិច្ចពិភាក្សាគ្នានៅថ្ងៃទី២៩ ខែវិច្ឆិកា ជាមួយមហាអំណាចពិភពលោក ក្រោយចន្លោះរយៈពេល៥ខែ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងដែលខ្លួនសន្យាបន្ថយការងារនុយក្លេអ៊ែ ជាថ្នូរនៃការបន្ធូរបន្ថយនិងការដកទណ្ឌកម្មសេដ្ឋកិច្ច។

លោកស្រី Kelsey Davenport ជាប្រធានគោលនយោបាយមិនសាយភាពអាវុធ នៅសមាគមគ្រប់គ្រងអាវុធ បានមានប្រសាសន៍ថា “រដ្ឋបាលលោក បៃដិន ចាំបាត់ត្រូវតែដើរលើគន្លងដ៏ត្រឹមត្រូវ រវាងការបង្ហាញដល់អ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់នឹងទទួលបានផលប្រយោជន៍ពីការបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានស្តារឡើងវិញ ទន្ទឹមនឹងការមិនចុះញ៉មនឹងឥទ្ធិពលរបស់អ៊ីរ៉ង់”។

លោកស្រីបានបន្ថែមទៀតថា សហរដ្ឋអាមេរិក មិនអាចផ្តល់រង្វាន់ដល់អ៊ីរ៉ង់សម្រាប់ការបន្តបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែនោះទេ។ រដ្ឋបាលរបស់លោក បៃដិន ក៏ចាំបាច់ត្រូវតែបង្ហាញនូវផលប្រយោជន៍មាំមួននិងភ្លាមៗផងដែរ។

គួរបញ្ជាក់ថា លោក បៃដិន បានចូលក្នុងកិច្ចពិភាក្សាគ្នាដោយប្រយោលក្នុងទីក្រុងវីយែន ជាមួយអ៊ីរ៉ង់ដែលបដិសេធមិនជួបផ្ទាល់ជាមួយប្រេសិតអាមេរិក លោក Rob Malley ក្នុងក្តីសង្ឃឹមស្តារកិច្ចព្រមព្រៀងបានលឿន៕ប្រែសម្រួល៖ប៉ាង កុង

To Top