បរទេស៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបង្កើនការជំទាស់ជាសាធារណៈ ចំពោះគម្រោងធ្វើឡើង ដោយរដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការបើកឡើងវិញ នូវស្ថានកុងស៊ុលអាមេរិក សម្រាប់ពួកប៉ាឡេស្ទីន នៅក្នុងទីក្រុងយេរូសាឡឹម ដោយលើកឡើងថា បេសកកម្មបែបនេះ គួរតែត្រូវបានធ្វើឡើងនៅក្នុងតំបន់ West Bank។
ស្ថិតក្រោមអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន បានផ្គាប់ចិត្តអ៊ីស្រាអែល និងធ្វើឲ្យពួកប៉ាឡេស្ទីនខឹង តាមរយៈការបិទស្ថានកុងស៊ុល ក្នុងទីក្រុងយេរូសាឡឹម និងដាក់បុគ្គលិកស្ថានកុងស៊ុលនោះ ចូលជាមួយស្ថានទូតអាមេរិក ប្រចាំនៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានផ្លាស់ប្តូរទីតាំង ពីទីក្រុងតេលអាវីវ ទៅទីក្រុងយេរូសាឡឹម។
ពួកប៉ាឡេស្ទីន ចង់យកទីក្រុងយេរូសាឡឹម ភាគខាងកើតធ្វើជារដ្ឋធានី នៃរដ្ឋអនាគតរបស់ខ្លួន និងបានចាត់ទុកគំនិតអាមេរិក ផ្លាស់ប្តូរទីតាំងស្ថានទូត ថាជាការធ្វើឲ្យប៉ះពាល់ ដល់ស្មារតីរបស់ពួកគេនោះ។ ប្រទេសអ៊ីស្រាអែល ដែលយកទីក្រុងយេរូសាឡឹម ភាគខាងកើតមកគ្រប់គ្រង នៅក្នុងឆ្នាំ១៩៦៧នោះ ហៅទីក្រុងយេរូសាឡឹម ថាឌជារដ្ឋធានីដែលមិន អាចបំបែកបានរបស់ខ្លួន។
គួរបញ្ជាក់ថា ដោយស្វះស្វែងព្យាយាម បង្កើនឡើងវិញ នូវចំណងមិត្តភាពជាមួយពួកប៉ាឡេស្ទីន រដ្ឋបាលរបស់លោក បៃដិន តាមសេចក្តីរាយការណ៍ បានប្រកាសថា ខ្លួននឹងបើកដំណើរការឡើងវិញ នូវស្ថានកុងស៊ុលអាមេរិក ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត ពីកាលបរិច្ឆេទពិតប្រាកដនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
