ព័ត៌មានអន្តរជាតិ

ការប៉ុនប៉ង​ ធ្វើឃាតនាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ កំពុងធ្វើឲ្យស្មុគស្មាញ ដល់ឆាកនយោបាយ របស់ប្រទេសនេះ

បាកដាដ ៖ ការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យ ប្រឆាំង នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានភាព ស្មុគស្មាញ ដល់ឆាក នយោបាយ នៅក្នុងប្រទេស ខណៈដែលការវាយប្រហារ បានបង្កើនភាពតានតឹង ដែលបង្កឡើង ដោយអ្នកដើរ តាមគណបក្សនានា ដែលបដិសេធលទ្ធផល នៃការបោះឆ្នោតមុន ថ្ងៃទី១០ ខែតុលា ។

ការប៉ុនប៉ងធ្វើឃាតបានធ្វើឡើង នៅមុនព្រលឹម នៅពេលដែលយន្តហោះដ្រូន បានចុះចតលើលំនៅដ្ឋាន របស់លោក al-Kadhimi ក្នុងតំបន់បៃតង ដែលមានកំពែងរឹងមាំខ្លាំង នៅកណ្តាលរដ្ឋធានី ប៉ុន្តែនាយករដ្ឋមន្ត្រី បានគេចផុតពីការធ្វើឃាត ។

នៅក្នុងសារនៅលើទំព័រផ្លូវការ របស់លោក al-Kadhimi បានឲ្យដឹងថា លោក “មិនអីទេ” ហើយបានអំពាវនាវ ឱ្យរក្សាភាព “ស្ងប់ស្ងាត់ និងអត់ធ្មត់ពីមនុស្សគ្រប់គ្នា សម្រាប់ជាប្រយោជន៍ ដល់ប្រទេសអ៊ីរ៉ាក់” ។

ក្រោយមកនៅថ្ងៃនោះ លោក al-Kadhimi បានបញ្ជាក់នៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រផ្សព្វផ្សាយផ្លូវការ របស់លោកថា លោល និងកម្មករផ្សេងទៀត នៅឯគេហដ្ឋានរបស់លោក មានសុវត្ថិភាព ។

ប៉ុន្មានម៉ោងបន្ទាប់ពីការ វាយប្រហារ លោក al-Kadhimi ដែលជាអគ្គមេបញ្ជាការ នៃកងកម្លាំងអ៊ីរ៉ាក់ បានបន្តសកម្មភាពប្រចាំថ្ងៃ របស់លោក និងបានជួបប្រជុំជាមួយ ក្រុមប្រឹក្សារដ្ឋមន្ត្រីសម្រាប់សន្តិសុខជាតិ ដើម្បីពិភាក្សាអំពីការវាយប្រហារ ដោយយន្តហោះដ្រូន មកលើលំនៅដ្ឋាន របស់លោក។

លោក Saad Maan អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ការវាយប្រហារនេះធ្វើឡើង ដោយយន្តហោះដ្រូនចំនួន ៣គ្រឿង ហើយកងកម្លាំងសន្តិសុខ បានបាញ់ទម្លាក់ចំនួនពីរគ្រឿង នៅជិតតំបន់បៃតង Green Zone ប៉ុន្តែយន្ដហោះដ្រូន ទី៣ បានវាយប្រហារលំនៅដ្ឋាន របស់លោក al-Kadhimi ។

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបង្កើនវិធានការសន្តិសុខ ហើយត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់មួយចំនួន នៃរដ្ឋធានី បន្ថែមពីលើការបិទ ច្រកចូលនៃតំបន់បៃតង ដែលមានការិយាល័យសំខាន់ៗ មួយចំនួនរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ និងស្ថានទូតបរទេស៕

ដោយ ឈូក បូរ៉ា

To Top