បរទេស ៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនជឿថា មានចន្លោះបើកចំហតូចមួយ ដើម្បីធ្វើការងារ ជាមួយសហភាពអាហ្វ្រិក ធ្វើឲ្យមានដំណើរវិវត្ត ទៅមុខលើការ ដោះស្រាយជម្លោះដោយសន្តិវិធី នៅក្នុងប្រទេសអេត្យូពី ស្របពេលដែលប្រេសិត ពិសេសមួយរូប បានធ្វើដំណើរវិល ត្រឡប់ទៅទីក្រុង Addis Ababa។
មន្ត្រីនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Ned Price បានមានប្រសាសន៍ថា លោក Jeffrey Feltman ជាប្រេសិតពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់ Horn of Africa នឹងជួបគ្នាជាមួយប្រេសិត របស់សហភាពអាហ្វ្រិក ទទួលបន្ទុកកិច្ចការក្នុងតំបន់ ដែលជាអតីតប្រធានាធិបតី ប្រទេសនីហ្សេរីយ៉ា លោក Olusegun Obasanjo នៅរាត្រីថ្ងៃចន្ទ ។
លោក Ned Price បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងជឿជាក់ថា មានចន្លោះប្រហោងតូចមួយ ដើម្បីធ្វើការងារ ជាមួយតំណាងជាន់ខ្ពស់ សហភាព អាហ្វ្រិកទទួលបន្ទុកកិច្ចការ ក្នុងតំបន់ Horn of Africa ប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីដោះស្រាយជម្លោះ នៅប្រទេសអេត្យូពី ដោយសន្តិវិធី” ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានស្នើម្តងហើយម្តងទៀត ឲ្យបញ្ចប់ភាពជាសត្រូវនឹងគ្នា នៅក្នុងជម្លោះរយៈពេលមួយឆ្នាំ ស្ថិតក្នុងប្រទេសអេត្យូ ពីភាគខាងជើង រវាងរដ្ឋាភិបាលនិង កងកម្លាំងតំបន់ Tigray ដែលបានកើតកម្តៅខ្លាំងឡើង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ៕ ប្រែសម្រួល៖ប៉ាង កុង