ព័ត៌មានជាតិ

តុលាការខេត្តព្រះវិហារ ឃុំខ្លួនពលរដ្ឋ ម្នាក់ពីបទប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត

ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋ ក្រោមបទចោទប្រកាន់ពីបទល្មើសព្រៃឈើធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានកម្លាំងមន្ត្រីជំនាញបរិស្ថានបង្ក្រាប និងឃាត់ខ្លួន។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៦១២/២៦ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ចេញដោយលោក ទិត្យ ហ៊ួត ឆេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ  ជនត្រូវចោទមានឈ្មោះ ផង់ មករា ភេទប្រុស អាយុ ៤៣ឆ្នាំ (កើតថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៨៣) ជនជាតិខ្មែរ មានមុខរបរជា កម្មករ។ 

ជននេះមានទីកន្លែងកំណើតនៅភូមិឃ្លាំងសិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ននៅភូមិសមសិល្ប៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ករណីបំពានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៅក្នុងដីការបស់តុលាការបានគូសបញ្ជាក់ថា៖ ឈ្មោះ ផង់ មករា ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យបទប្រកាន់ពីបទ៖ ដឹកជញ្ជូន ប្រមូល ធ្វើសកម្មភាព ឬប្រមូលផល អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ដែលបានប្រព្រឹត្តទៅនៅចំណុចនិយាមកា (៤៨៤៥៩៦-១៥៣៥៤៣៩) ស្ថិតក្នុងភូមិសមសិល្ប៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

បទល្មើសព្រហ្មទណ្ឌនេះ ត្រូវបញ្ញត្តិឲ្យផ្តន្ទាទោសតាមបទបញ្ញត្តិនៃមាត្រា ៦២ ចំណុច ៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

តុលាការបានសម្រេចបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ហើយបង្គាប់ឱ្យប្រធានពន្ធនាគារទទួល និងឃុំខ្លួនជននេះរហូតដល់មានដីកាសម្រេចជាថ្មីពីតុលាការ ។

ដោយឡែក យោងតាមកំណត់ហេតុប្រគល់-ទទួលជនជាប់ឃុំ នាថ្ងៃដដែលនោះ បានឱ្យដឹងថា៖ នៅវេលាម៉ោង ៣:៥០ នាទីរសៀល ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំដោយលោក ម៉ែន សុគុណ (មន្ត្រីបរិស្ថាន) បានធ្វើការប្រគល់ខ្លួនឈ្មោះ ផង់ មករា ទៅឱ្យតំណាងពន្ធនាគារខេត្តព្រះវិហារ រួមមានលោក ម៉ៅ រឿង អនុប្រធានពន្ធនាគារ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

កិច្ចសហការប្រគល់និងទទួលនេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ៤:១០ នាទីរសៀល ក្រោមបរិយាកាសរលូន និងហ្មត់ចត់បំផុត ។

ការចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងទៅលើជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធតុលាការកម្ពុជា ក្នុងការអនុវត្តច្បាប់ការពារធនធានធម្មជាតិ ដោយគ្មានការលើកលែង ទោះបីជាជនល្មើសមានខ្នងបង្អែក ឬមានតួនាទីអ្វីក៏ដោយ ដើម្បីធានាបាននូវនិរន្តរភាពនៃតំបន់ ការពារធម្មជាតិ និងព្រៃឈើនៅក្នុងប្រទេស៕

ដោយ សួន ពិសិត ដើមអម្ពិល

To Top