បរទេស៖ ក្រុមអ្នកតវ៉ាបានប៉ះទង្គិច ជាមួយប៉ូលិសនៅខាង ក្រៅក្រសួងដឹកជញ្ជូន ក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ដោយទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា ជាមួយរថភ្លើងមួយទៀត ដែលបានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៦៨ នាក់ស្លាប់ នៅជិតទីក្រុងតូឡេដូ (Toledo)។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា គ្រោះថ្នាក់កាលពីថ្ងៃពុធ នៅជិតតំបន់ Urda ក្នុងខេត្ត Toledo គឺជាគ្រោះថ្នាក់ផ្លូវដែកដ៏ធំលើកទីពីរនៅក្នុងប្រទេសអេស្ប៉ាញ ក្នុងរយៈពេលមិនដល់ ១០ ខែផង។ កាលពីថ្ងៃទី ១៨ ខែមករា រថភ្លើងមួយបានធ្លាក់ផ្លូវដែកនៅជិតតំបន់ Adamuz ក្នុងខេត្ត Cordoba ហើយបានបុកជាមួយរថភ្លើងមួយទៀតដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ដែលបណ្តាលឱ្យមនុស្ស ៤៦ នាក់ស្លាប់។
យោងតាមគេហទំព័រ elDiario.es បានឱ្យដឹងថា ការតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមស្តាំនិយមជ្រុលឈ្មោះ Falange និង Revuelta ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Oscar Puente លាលែងពីតំណែង។ លោក Federico Campanero អ្នកនាំពាក្យក្រុម Falange បានថ្លែងនៅក្នុងសុន្ទរកថាថា៖ «តើត្រូវមានមនុស្សស្លាប់ប៉ុន្មាននាក់ទៀត ទើបយើងអាចបណ្តេញពួកឃាតករ និងជនក្បត់ទាំងនេះចេញ ពីស្ថាប័នរបស់យើងបាន?»។
អ្នកតវ៉ាមួយចំនួនបានគប់គ្រាប់ភ្លើង និង វត្ថុផ្សេងៗទៀតទៅលើប៉ូលិស ដែលជាហេតុធ្វើឱ្យប៉ូលិសត្រូវរុញ ច្រានហ្វូងមនុស្សនោះថយក្រោយ និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។
ប្រែសម្រួលៈ តុលា
