បរទេស៖ យោងតាមរដ្ឋាភិបាលតំបន់ Castilla-La Mancha បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៨ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថភ្លើងល្បឿនលឿនចំនួន ២ គ្រឿងបានបុកគ្នានៅភាគខាងត្បូងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ។ ហេតុការណ៍នេះគឺជាគ្រោះថ្នាក់ផ្លូវដែកដ៏សាហាវបំផុតមួយនៅក្នុងប្រទេសអេស្ប៉ាញ។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ៨:៥៤ ព្រឹក (ម៉ោងក្នុងតំបន់) នៅជិតតំបន់ Urda ក្នុងខេត្ត Toledo នៅលើផ្នែកមួយនៃផ្លូវដែកដែលត្រង់ និងមានភាពមើលឃើញច្បាស់លាស់។ មន្ត្រីបានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីកំហុសរបស់មនុស្ស បន្ទាប់ពីមានការបរាជ័យនៃប្រព័ន្ធកុំព្យូទ័រ។
ហេតុការណ៍នេះពាក់ព័ន្ធនឹងរថភ្លើងល្បឿនលឿនចំនួនពីរ ដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកអេស្ប៉ាញឈ្មោះ Renfe និង Iryo នៅលើខ្សែរថភ្លើង Madrid-Seville។ យោងតាមក្រុមហ៊ុន Renfe ការប៉ះទង្គិចគ្នានៅជិតស្ថានីយ Urda បានបណ្តាលឱ្យទូរថភ្លើងចំនួនពីរនៅផ្នែកខាងក្រោយនៃរថភ្លើង Iryo ធ្លាក់ចេញពីផ្លូវដែក។ ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ។
រូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីបំណែកនៃរថភ្លើងទាំងពីរដែលរាយប៉ាយនៅលើផ្លូវដែក និងនៅលើជម្រាលដីក្បែរនោះ ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ។ គេបានឃើញអ្នកដំណើរចាកចេញពីតំបន់នោះដោយកាន់អីវ៉ាន់របស់ពួកគេ បន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
